ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ស្មារតីសន្តិភាព និងនយោបាយឈ្នះឈ្នះ របស់កម្ពុជា ត្រូវបានរួមចំណែកផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងការសិក្សារៀនសូត្រ ដែលមានស្ថាប័នសភាជាង៥០ប្រទេសទូទាំងពិភពលោក បានផ្តល់ពានរង្វាន់សន្តិភាព និងការផ្សះផ្សារដល់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសម្តេចជាអគ្គមគ្គុទេសក៍ និងជាស្ថាបនិកនៃសន្តិភាពពេញលេញនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរសាទរខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នាវិមានឈ្នះឈ្នះ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា មានស្ថាប័នអន្តរជាតិជាច្រើន បានពង្រឹងនៃកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាក្នុងការសិក្សាស្វែងយល់អំពីដំណើរការអនុវត្តន៍នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បច្ចុប្បន្ន។ ចំណុចនេះគឺបានបង្ហាញពីការគាំទ្រសន្តិភាពនៅកម្ពុជា តាមរយៈការបញ្ចប់សង្គ្រាម ដោយគ្មានការបង្ហូរឈាម។
«ស្មារតីសន្តិភាព និងលើកកម្ពស់នយោបាយឈ្នះឈ្នះ ក្នុងឆាកអន្តរជាតិ ជាពិសេសនៅឆ្នាំ២០២៤នេះ បានរួមចំណែកផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងមានការសិក្សារៀនសូត្រ ស្ថាប័នអន្តរជាតិនានា ក្នុងសម័យប្រជុំពេញអង្គសភាអន្តរជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ដែលមានស្ថាប័នសភាជាង៥០ប្រទេសទូទាំងពិភពលោក ដោយបានផ្តល់ពានរង្វាន់សន្តិភាព និងការផ្សះផ្សារដល់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសម្តេចជាអគ្គមគ្គុទេសក៍ និងជាស្ថាបនិកនៃសន្តិភាពពេញលេញនៅកម្ពុជា»។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា ចំណុចនេះគឺជាសបញ្ជាក់យ៉ាងអំពីមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយឈរលើគោលការណ៍សន្តិភាព សុខមាលភាពប្រជាជន ស្របនឹងគោលការណ៍អន្តរជាតិ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា បើទោះបីជាស្ថានភាពរបស់ពិភពលោកបច្ចុប្បន្ននេះ កំពុងជួបនឹងបញ្ហាប្រែប្រួលតាមរយៈជម្លោះនានាក៏ដោយក៏កម្ពុជា នៅតែអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា ការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងបំពេញតួនាទីផ្សេងៗទៀត ជាមួយនឹងដៃគូយុទ្ធសាស្ត្រក្នុងការឆ្លើយតបនឹងវិបត្តិគ្រោះធម្មជាតិ ការកសាងភាពធន់សម្រាប់ឆ្លើយតបវិបត្តិនានាជាដើម។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា៖ តាមរយៈការយល់ដឹងរបស់ប្រជាជនកម្ពុជា អំពីគុណតម្លៃនៃសន្តិភាពពេញលេញ ស្មារតីស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម គឺជាខឿនការពារជាតិ និងសន្តិភាព ព្រមទាំងជាអត្តសញ្ញាណដ៏សំខាន់ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌ និងពួកជ្រុលនិយមដោយជោគជ័យ ក្នុងពេលបច្ចុប្បបន្ន និងតទៅអនាគត។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា ជាក់ស្តែងវិមានឈ្នះឈ្នះ បានឈរជានិមិត្តរូប នៃសន្តិភាពពេញលេញ និងបង្ហាញពីវីរៈភាពនៃការរម្លឹកពីការធ្វើពលីកម្មរបស់វីរជនកម្ពុជា ព្រមទាំងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសកម្ពុជា ក្នុងសម័យសន្តិភាព តាមរយៈការផ្សព្វផ្សាយទូលំទូលាយនូវគុណតម្លៃនៃសន្តិភាព។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា គុណតម្លៃនៃសន្តិភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាក់ស្តែងតាមរយៈការធ្វើបទសម្ភាសន៍ពីសំណាក់ប្រជាជនកម្ពុជាដោយពួកគាត់បានប្រកាស និងផ្តល់តម្លៃដ៏មហាសាលនៃសន្តិភាព ព្រមទាំងដឹងគុណបំណាចមិនអាចកាត់ថ្លៃបានពីសំណាក់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងប្រទេសនៅតែបន្តគាំទ្រ និងជាក់ឥតងាករេចំពោះសន្តិភាពដែលប្រសូត្រចេញពីការលះបង់ និងបូជាសាច់ស្រស់ ឈាមស្រស់របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះ បងប្អូនប្រជាពលរដ្ឋនៅតែប្តេជ្ញាចិត្តគាំទ្រ និងជឿទុកចិត្តចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ដែលបានតម្កល់ និងកម្ពស់គុណតម្លៃ ការរួបរួមសាមគ្គីជាតិជាធ្លុងមួយ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ថា ការរៀបចំខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) ជាទិវានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី