ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជូនដំណឹងដល់បងប្អូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ឃុំចំបក់ លើខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យ ខេត្តកំពង់ស្ពឺ មានករណីរថយន្តក្រុង បានរេចង្កូតធ្លាក់ផ្លូវរួចទៅអែមនិងជ្រោះមានដើមឈើ ចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ,ដែលហេតុការណ៍នេះបង្កដោយរថយន្តក្រុងដឹកសិស្សានុសិស្ស ស្លាកលេខភ្នំពេញ 3C-9898 ពណ៌ស មួយគ្រឿង ដែលបានរេចង្កូតទៅបុកដើមឈើ ។
ចំពោះករណីនេះ បានបង្កឱ្យបុរសម្នាក់ជាព្រូឡានរងរបួសធ្ងន់ ប៉ុន្តែសិស្សានុសិស្សនៅក្នុងរថយន្ត ពុំមានគ្រោះថ្នាក់នៅទេ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ និងបានបញ្ជូនរថយន្តសង្គ្រោះ និងកងកម្លាំងដើម្បីចុះទៅអន្តរាគមន៍ភ្លាមៗ ។
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ខណៈពេលនេះសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍លើករណីគ្រោះថ្នាក់ខាងលើនេះ តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ។ ក្នុងរថយន្ដមានមនុស្សប្រមាណជាង ៦០នាក់ មា នកូនក្មេង សិស្សសាលា និងលោកគ្រូ អ្នកគ្រូ ចំពោះការខូចខាតនិងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមិនមាន ដោយសាររថយន្ដបុកដើមឈើជួយទប់។ គ្រោះថ្នាក់នេះ មានមនុស្សរងរបួសស្រាល និងធ្ងន់កំពុងត្រូវបានជួយសង្រ្គោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី