Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសេដ្ឋកិច្ច លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer)

រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លើលិខិតលេខ ១២១៦៦ សហវ.លស.គសហ ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋាន ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យ បន្ថែមទៀត ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជន អំពីការ លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដូចខាងក្រោម៖

ក. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ មុនឆ្នាំ២០២៥ ហើយធ្វើការ ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ២០២៥ ត្រូវទទួលបាន ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមាន តម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារអាមេរិក, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារ អាមេរិក ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារអាមេរិក។ ការលើកលែង និងអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។

ខ. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៥ ដែលមិនទាន់ ទទួលបានការលើកលែងនិងអនុគ្រោះពន្ធដូចក្នុងចំណុច (ក) ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារ អាមេរិក, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ សម្រាប់ លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញ ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាននោះ។

គ. ការទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ដូចមានចែងក្នុងចំណុច (ក) និង (ខ) ត្រូវទិញពីក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីនៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឬនៅមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត ទោះបីជានៅលើបណ្ណកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុន ឬឈ្មោះរូបវន្តបុគ្គលដែលជាម្ចាស់គម្រោងឬ ជាអ្នកតំណាងក្រុមហ៊ុនឬម្ចាស់គម្រោងក៏ដោយ និង
ឃ. ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារ ជាក់ស្តែង និងត្រូវបញ្ជូនកិច្ចសន្យាទិញ-លក់ មករដ្ឋបាលសារពើពន្ធមុន ឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់លំនៅឋាន។
ចំពោះការទិញលំនៅឋានដូចខាងលើ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ លំនៅឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន ហើយត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតាម រយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវបានទទួលការលើកលែងនិងការអនុគ្រោះពន្ធ ប្រថាប់ត្រាដូចខាងលើនេះដែរ។

ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្ម រដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យ និងសាធារណជនទាំងអស់ នឹងយកចិត្ត ទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី