Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក ជូនដំណឹង ធាតុអាកាសចុះត្រជាក់ខ្លាំង កន្លែងខ្លះចុះដល់ ១៥អង្សា ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គឺមានកន្លែងខ្លះចុះត្រជាក់ដល់ ១៥អង្សាឯណោះ , ដូច្នេះ សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព ត្រៀមសម្លៀកបំពាក់ក្រាស់ៗ ឱ្យបានគត់មត់ ដើម្បីទប់ទល់ធាតុត្រជាក់ និងការពារជំងឺតម្កាត់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា មានឥទ្ធិពលខ្លាំង, ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បរិយាកាសចុះត្រជាក់ខ្លាំង មានកន្លែងខ្លះចុះត្រជាក់ដល់ ១៥អង្សាឯណោះ ៖

១. តំបន់វាលទំនាប : ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និងត្បូងឃ្មុំ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។

២. តំបន់ខ្ពង់រាប : ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានសីតុណ្ហភាពមធ្យមអប្បបរមា ១៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

៣. តំបន់មាត់សមុទ្រ : ខេត្តកោះកុង និងជួរភ្នំបូកគោ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៤,៥០ ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព ត្រៀមសម្លៀកបំពាក់ក្រាស់ៗ ឱ្យបានគត់មត់ ដើម្បីទប់ទល់ធាតុត្រជាក់ និងបង្ការជំងឺឈឺថ្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បី ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕ ពិសិដ្ឋ CEN