Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសប្រពន្ធច្រើន តាំងខ្លួនជាព្រះសិអារ្យមេត្រី ប្រមាថថ្នាក់ដឹកនាំត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តត្បូងឃ្មុំ: បុរសម្នាក់បានតាំងខ្លួនជាព្រះសិអារ្យមេត្រី ឈ្មោះចាន់ រ៉ាហៅវុធអាយុ៤៥ឆ្នាំរស់នៅភូមិកំពង់ចន្លុះកើតឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ បាននិយាយបង្ហោះតាមបណ្ដាញសង្គមប្រមាថដល់ថ្នាក់ដឹកនាំប្រទេស ជាមួយនោះថែមទាំងប្រើកាំបិតផ្គាក់គំរាមកាប់ដល់អ្នកភូមិជាបុរសៗពេញកម្លាំងទៀតផង។ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជាច្រើននាក់ចុះ តាមចាប់ដល់វាលស្រែខណ:ពេលបុរសនេះកំពុងតែបូមទឹកបញ្ចូលស្រែរបស់ខ្លួន។ចំណែកអាជ្ញាធរមូលដ្ឋានវិញបានអះអាងថាបុរសនេះមានសុខភាពធម្មតាទេ តែចុងក្រោយនេះមិនដឹងជាយ៉ាងម៉េចចង់បែកឆ្វេង។

លោកវរសេនីយ៍ឯកស៊ាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំប្រាប់ឲ្យដឹងអ្នកព្រឹក៣១ធ្នូ ឆ្នាំ២០២៤ថា: ក្រោយពីទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុកចុះសហការជាមួយប៉ុស្តិ៍រដ្ឋបាលពាមជីលាំង ដោយធ្វើការឃាត់ខ្លួនបុរសឈ្មោះវុធ ធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣០ធ្នូ នៅចំណុចខាងកើតផ្លូវបេតុងក្នុងភូមិកំពង់ចន្លុះកើត ខណៈពេលដែលបុរសនេះកំពុងបញ្ឆេះម៉ាស៊ីនបូមទឹកដាក់ស្រូវរបស់ខ្លួន។

អធិការនគរបាលស្រុកត្បូងឃ្មុំប្រាប់បន្តដឹងទៀតថា ក្នុងពេលថ្មីៗនេះបុរសឈ្មោះវុធ ដែលមានសតិគ្រប់គ្រាន់បានប្រើប្រាស់ទូរសព្ទដៃរបស់ខ្លួនថតឡាយផ្ទាល់រួមជាមួយនឹងកាំបិតផ្គាក់ ដាក់នៅពីមុខនិយាយដោយប្រើពេលលើសពីកន្លះម៉ោងគឺតាំងខ្លួនជាព្រះសិអារ្យមេត្រីនិងប្រមាថនៅពាក្យអសុរោះមកលើថ្នាក់ដឹកនាំប្រទេស ដែលជាទង្វើមួយមិនអាចអត់ឱនឱ្យបាននោះទេ។តាមរយៈការស្រាវជ្រាវលើបណ្ដាញសង្គមនិងស្គាល់ភិនភាគមនុស្សបុរសដែលឡាយតាម facebook នេះឈ្មោះវុធ ដោយកំណត់មុខសញ្ញាបានហើយបុរសនេះក៏មិនទាន់បានរត់គេចទៅណាចេញពីមូលដ្ឋានរបស់ខ្លួនដែរ។គ្រាដែលរូបលោកបានដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទជាច្រើននាក់ចុះទៅដល់ផ្ទះមិនឃើញនិងតាមដល់វាលស្រែឃើញបុរសនេះកំពុងតែបូមទឹកដាក់ដំណាំស្រូវរបស់ខ្លួន បានធ្វើការឃាត់ខ្លួនភ្លាមៗតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តក៏ដូចជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានរហូតទូរសព្ទដៃមួយគ្រឿងនិងកាំបិតផ្គាក់១ រួចក៏បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសួរនាំ។

សូមបញ្ជាក់ថាតាមរយៈការឡាយដោយផ្ទាល់លើបណ្ដាញសង្គមបុរសឈ្មោះវុធ
បានតាំងខ្លួនឯងជាព្រះសិអារ្យមេត្រីនិយាយនៅពាក្យអសុរោះប្រមាថមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។មិនតែប៉ុណ្ណោះបុរសនេះបានលើកឡើងថាគាត់ឡាយរយៈពេលជាងពីរឆ្នាំហើយមិនឃើញមានសមត្ថកិច្ចឬស្ថាប័នធម្មការខេត្តចុះមកហៅសួរនាំធ្វើកិច្ចសន្យានោះទេ។ក្រៅពីនេះបុរសនេះក៏តាំងខ្លួនជាអង្គលីមាស ថាពេលខាងមុខហ្នឹងប្រើកាំបិតនេះកាប់ប្រហារលើបុរសៗនៅក្នុងភូមិ ដែលពេញកម្លាំងចំពោះស្ត្រីនិងកុមារវិញគេមិនកាប់ទេ។
ការនិយាយនេះគ្មានមូលដ្ឋានណាមួយច្បាស់លាស់ ដោយចេះតែនិយាយតាមការនឹកឃើញតែប៉ុណ្ណោះ។

លោកឆេង សុផល មេឃុំពាមជីលាំងមានប្រសាសន៍ឲ្យដឹងដែរថា មុនពេលកើតហេតុនេះបីថ្ងៃបុរសឈ្មោះវុធ បានចាក់មេក្រូបំពងសំឡេងរបស់ខ្លួនឮរំខានដល់គេឯងក្នុងភូមិហើយត្រូវបានលោកមេភូមិចុះណែនាំប្រាប់ក៏ឈប់ទៅវិញ។ក្រោយមកទៀត បាននិយាយតាមបណ្ដាញសង្គមប៉ះពាល់គេឯង…ហើយត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនដល់វាលស្រែ បុរសរូបនេះក៏លើកហេតុផលប្រាប់ថាបើមិនធ្វើដូច្នេះទេគឺសមត្ថកិច្ចមិនមកចាប់ខ្លួនគាត់ឡើយ។ក្រៅពីនេះបុរសនេះគឺមានស្រុកកំណើតនៅភូមិកំពង់ចន្លុះកើតនេះតែម្ដង គ្រាដែលប្រពន្ធរបស់ខ្លួនពោះធំ បានចុះចោលប្រពន្ធបាត់ជាច្រើនឆ្នាំ ហើយតាមដំណឹងថាបុរសនេះមានប្រពន្ធរហូតដល់ជិត១០នាក់ឯណោះ តាមមើលទៅចុងក្រោយនេះបុរសនេះដូចជាចង់បែកឆ្វេង។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថាដោយសារតែពាក្យប្រមាថកាតទានលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលហើយ។ក៏ខ្លាចប៉ះពាល់ដោយអំពើចេតនាណាមួយឮអ្នកភូមិអាចបណ្ដាលឲ្យរងគ្រោះថ្នាក់នោះត្រូវបានឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ចាត់ឱ្យលោកអធិការនគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌព្រមទាំងប៉ុស្តិ៍រដ្ឋបាលពាមជីលាំង ចុះឃាត់ខ្លួនទាន់ពេលវេលានិងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។សូមបញ្ជាក់ថាតាមរយៈការពិនិត្យដោយផ្ទាល់បុរសនេះកន្លងមកមិនដែលមានបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេហើយគាត់ជាមនុស្សដែលមានសតិធម្មតាទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី