ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ កំពង់ចាម ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើករណីអំពើរំលោភសេពសន្ថវៈរបស់ឪពុកចុង លើកូនស្រី នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម , ជនល្មើសដែលជាឪពុកចុងរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា ថ្មីៗនេះ មានការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម អំពីករណីអំពើរំលោភសេពសន្ថវៈរបស់ឪពុកចុងទៅលើ កូនស្រីដែលជាអនីតិជន រហូតមានផ្ទៃពោះ (កូនក្នុងផ្ទៃ ៦ខែ) រស់នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានភ្ជាប់នឹងសំណូមពរដល់ថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ទៅដល់ជន រងគ្រោះផងដែរ។
ចំពោះករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបដូចខាងក្រោម៖
១- ជនល្មើសដែលជាឪពុកចុងរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាមរួចហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
២- ចំពោះក្មេងស្រី ដែលជាជនរងគ្រោះ គឺ រដ្ឋបាលខេត្តកំពង់ចាម កំពុងសហការជាមួយ នឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់នូវការគាំពារផ្សេងៗ។ រដ្ឋបាលខេត្ត ក៏បានចាត់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានជួបផ្ទាល់ជាមួយជនរងគ្រោះ និងក្រុមគ្រួសារ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះ ផងដែរ។
រដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់សាធារណៈជន ដែលបានសម្តែងនូវការ ខ្វាយខ្វល់ យកចិត្តទុកដាក់ដល់សុខទុក្ខរបស់ផងរងគ្រោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមស្នើឲ្យបញ្ឈប់ ការចែកចាយព័ត៌មាននេះ ដើម្បីចូលរួមគាំពារដល់កិត្តិយសជនរងគ្រោះ និងក្រុមគ្រួសារ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ថា ខ្ញុំសូមគោរព សម្តេច ឯកឧត្តម លោកជំទាវ លោកអុំ អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម សូម លោកអុំជួយរកយុត្តិធម៌ ឲ្យក្មួយស្រីម្នាក់នេះផង គ្នាជាកូនកំព្រា កូនអ្នកក្រ រស់នៅសព្វថ្ងៃជាមួយយាយ តា ឈ្មោះ ចាន់ សាវ៉ែន គាត់ត្រូវបាន ទទួលមរណភាពទៅហើយ ឥឡូវគ្នាកំពុងតែពេញរៀននៅសាលា ពាមកោះស្នា ក៏ត្រូវបានឪពុកចុងចិត្តតិរច្ឆាន ឈ្មោះ សាំង ធារ៉ា អាយុ32 ដែលបានចាប់រំលោភ ធ្វើបាបក្មួយស្រី អាយុ17ឆ្នាំ បណ្តាលឲ្យមាន ផ្ទៃពោះ 6 ខែហើយ ចង់ឱ្យលោកអុំជួយអន្តរាគមន៍ប្រាប់ មន្ទីរពេទ្យខេត្ត កំពង់ចាម ឱ្យជួយយកកូនចេញពីក្នុងផ្ទៃពោះផង គ្នាចង់នៅរៀនបន្តទៀត រស់នៅសព្វថ្ងៃនៅ ភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី