ស្ថានការណ៍លើសទម្ងន់ក្នុងមជ្ឈដ្ឋានអ្នកបួសបានឈានដល់កម្រិតប្រកាសអាសន្ននៅថៃ ព្រោះតែសង្ឃប្រមាណពាក់កណ្ដាលនៅប្រទេសពុទ្ធសាសនាមួយនេះកំពុងរងជំងឺធាត់ស្អៀច។
កាលពីខែមិថុនា មន្ដ្រីនៃការិយាល័យសុខាភិបាលសាធាណៈថៃបានអំពាវនាវប្រទេសនេះរៀបចំចង្ហាន់ឱ្យបាន ប្រសើរជាងមុន ដើម្បីកែសម្រួលស្ថានការណ៍ធាត់ស្អៀចលើសទម្ងន់ក្នុងមជ្ឈដ្ឋានសង្ឃនៅប្រទេសនេះ។
លោកAmporn Bejapolpitak ជានាយកស្ងាប័នខាងលើក៏បានជំរុញព្រះសង្ឃបង្កើនធ្វើចលនាដើម្បីសម្រកទម្ងន់ក៏ដូចជាលើកកម្ពស់សុខភាពផ្ទាល់។
ការធាត់ស្អៀចបានក្លាយជាគ្រោះថ្នាក់ប្រកាសអាសន្ននៅថៃ ព្រោះប្រទេសនេះត្រូវបានរៀបលំដាប់ទី២ក្នុងបញ្ជីស្ដីពីទម្ងន់មធ្យមធ្ងន់បំផុតនៃបណ្ដាប្រទេសនៅទ្វីបអាស៊ី ហើយឈរបន្ទាប់ពីម៉ាឡេស៊ីប៉ុណ្ណោះ។ពលរដ្ឋ៣នាក់មានម្នាក់ធាត់ស្អៀច ហើយស្ដ្រីថៃជាង៤០ភាគរយកំពុងស្ថិតនៅក្នុងស្ថានភាពលើសទម្ងន់ធ្ងន់ធ្ងរ។ក្នុងនោះបញ្ហាដូចគ្នានេះតែងកើតឡើងក្នុង ចំណោមអ្នកបួស ទើបជាបញ្ហាធ្វើឱ្យរដ្ឋការថៃ«ឈឺក្បាល»។ ការសិក្សាមួយរបស់សកលវិទ្យាល័យChulalongkorn ឱ្យដឹងថា សង្ឃថៃប្រមាណពាក់កណ្ដាលកើតជំងឺធាត់ស្អៀច ហើយជាង៤០ភាគរយក្នុងចំណោមនោះមានកម្រិតcholesterol ខ្ពស់ ជិត២៥ភាគរយលើសឈាម ហើយ១០ភាគរយទៀតកើតជំងឺទឹកនោមផ្អែម។ការសិក្សានេះក៏បានបង្ហាញថា ថ្វីត្បិតព្រះសង្ឃ ជាទូទៅឆាន់អាហារមានកាឡូរីទាបជាងប្រជាជន ប៉ុន្ដែការធាត់ស្អៀចរបស់សង្ឃទាំងអស់នោះគឺបណ្ដាលមកពីការឆាន់ភេសជ្ជៈមានស្ករ ។
បច្ចុប្បន្នរដ្ឋាភិបាលថៃនិងស្ថាប័នពុទ្ធសាសនាបានចាប់ផ្ដើមអនុវត្ដន៍វិធី«អ្នកបួសសុខភាពមាំមួន អាហារបំប៉នត្រឹមត្រូវ»។នេះជាគ្រោងការណ៍សំដៅកែប្រែជីវភាពរបស់អ្នកបួសតាមរយៈការអប់រំចំណេះដឹងអំពីអាហារូបត្ថម្ភនិងការហ្វឹកហាត់សរីរាង្គ៕
លីសា