Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាដែលចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឱ្យភាពក្រីក្ររបស់ ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម ១០%

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងពិធីមីស្ទឹងឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា យ៉ាងដូច្នេះថា រយៈពេល ២៦ឆ្នាំ កន្លងទៅនេះ នៅក្រោមម្លប់នៃសុខសន្តិភាព បានអនុញ្ញាតឱ្យយើងប្រមូលផ្តុំកម្លាំង ជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យដោយល្បឿនលឿន នាំមកនូវ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។ កម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម រ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនផ្ទុះ បានក្លាយជារដ្ឋ អធិបតេយ្យ និងឯករាជ្យដែលមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋ ស្រប តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ កម្ពុជាដែលចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឱ្យភាពក្រីក្ររបស់ ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម ១០% មុនពេលមានវិបត្តិជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលរដ្ឋធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទាន ទៅ ជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ថែមទាំងមានទុនបម្រុងដើម្បីធានា ស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ព្រមទាំងទប់ទល់វិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ។ កម្ពុជា ដែលធ្លាប់ត្រូវគេហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម និងឯកោយ៉ាងអយុត្តិធម៌នោះ បានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ នៅក្នុងតំបន់ និងពិភពលោក និងបានក្លាយជាប្រទេសដែលអាចបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើន។ ពីតថភាពទាំងអស់នេះ ខ្ញុំសូមគូសបញ្ជាក់ថា គ្មានអ្វីត្រូវស្រពេច ស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេច​បានបន្តទៀតថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ខ្លួន។ ជាក់ ស្តែង សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាង គត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងពង្រឹងឯករាជ្យ ខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹក ដែលនឹងត្រូវស្ថាបនារួចរាល់នៅឆ្នាំ ២០២៨ ខាងមុខ។ រាជរដ្ឋាភិបាល បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បី រក្សាសន្តិភាពជូនប្រជាជន ឯកិច្ចសហប្រតិបត្តិការទូទៅរវាងប្រទេសទាំង៣ នៅតែត្រូវបានបន្តពង្រឹង ពង្រីកជាធម្មតា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដែលនឹងផ្តល់សារៈប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ព្រំដែន និងការការពារបូរណភាពទឹកដី។ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការគោរពចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ, ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវ ឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បី បង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។ នៅចុងឆ្នាំ ២០២៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជា ប្រធានដឹកនាំកិច្ចប្រជុំជាអន្តរជាតិប្រកបដោយជោគជ័យចំនួន ៤ គឺ (១) កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC), (២)មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP12th), (៣)សម័យប្រជុំពេញអង្គនៃសភា អន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11th) និង (៤) កិច្ចប្រជុំកំពូលសៀមរាប- អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។ តាមរយៈកិច្ចប្រជុំទាំងនេះ បានលើកស្ទួយថែមទៀតនូវ កិត្យានុភាពរបស់កម្ពុជា ប្រទេសជាច្រើនបានទទួលយកនូវមេរៀនពិសោធន៍ដ៏មានតម្លៃបំផុតរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបាន ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពី ក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខនេះ។ លើមូលដ្ឋានតថភាព នេះ បានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់ខ្ញុំព្រះករុណា ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរ អម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានា សន្តិភាព និងការអភិវឌ្ឍយូរអង្វែង។

ពិតមែនរយៈពេល ៤៦ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែ ស្មារតីជ័យជម្នះ ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់យើង និងកំពុងបន្តបំភ្លឺផ្លូវយើង ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ស្មារតី ៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិ យើង អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីក ចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះ ជ័យជម្នះ។ ៧មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវ រលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×