Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម នេត្រ ភក្ត្រា ណែនាំឲ្យមន្ត្រីព័ត៌មានខេត្តត្បូងឃ្មុំ សាមគ្គីគ្នាគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យជាប់ជាប្រចាំ ផ្សព្វផ្សាយសមិទ្ធផល និងព័ត៌មានពិជូនពលរដ្ឋ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែផ្សព្វផ្សាយព័ត៌មានពិត មានខ្លឹមសារ ផ្តល់ចំណេះដឹងជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ទំនុកចិត្តដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល នូវសមិទ្ធផលនានាដែលសម្រេចបានជូនជាតិ មាតុភូមិ ព្រមទាំងជំរុញឱ្យក្រុមការងារព័ត៌មាន និងសាធារណមតិ រួមជាមួយអ្នកសារព័ត៌មានទាំងអស់ រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់អាជ្ញាធរខេត្តដែលសម្រេចបានឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាប ពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ ឆ្លើយតប បំភ័ន្ត បំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមប្រឆាំងជ្រុលនិយម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ លោក ធីន ស៉ីថាច ជំនួសលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មាន ដែលបានទទួលមរណភាព។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវអនុវត្តភារកិច្ចរបស់ខ្លួនដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ និងបានកោតសរសើរចំពោះស្នាដៃទាំងឡាយដែលលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មានខេត្ត រួមជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសម្រេច នាពេលកន្លងមកបានធ្វើឱ្យអង្គភាព មានការរីកចម្រើន និងសម្រេចបានសមិទ្ធផល ជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើអាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាននានាត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្ត ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាដើម។

នាឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំបានថ្លែងកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្រោមការគិតគូរយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងគាំទ្រពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀត។

លោកអភិបាលខេត្តបានបន្ថែមថា តាមរយៈរបាយការណ៍ស្តីពីលទ្ធផលការងាររបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាពេលកន្លងមកនេះ ពិតជាបានស្តែងចេញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្ត ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ស ស៊ីណា អតីតប្រធានមន្ទីរព័ត៌មាន (ដែលទទួលមរណភាពកន្លងទៅ)។ ជាមួយគ្នានេះមន្ទីរព័ត៌មានខេត្តក៏បានបំពេញតួនាទីភារកិច្ច និងអនុវត្តការងារ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំរបស់ក្រសួងព័ត៌មានក្នុងការផ្សព្វផ្សាយ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ និងចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមការដឹកនាំដោយគតិបណ្ឌិត និងសក្តានុពលរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×