Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ដោយវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមលទ្ធផលជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកប្រធានស្ថានតំណាង ត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជា។

ភ្ជាប់នឹងអាណត្តិការងារ ៣ឆ្នាំ នៅកម្ពុជា ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់លោកប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ដែលជានិច្ចកាលតែងតែសម្របសម្រួល ដល់ការធ្វើការងាររវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសលើការងារបណ្តុះបណ្តាលមន្ត្រី នៃប្រទេសទាំងពីរ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែលកើតឡើងនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ។

ចំណែកលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត នូវសេចក្ដីថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា រួមទាំងក្នុងអាណត្តិដែលលោកជាប្រធាន។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកម្មវិធីធំៗដូចជា ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×