រាជធានីភ្នំពេញ : នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលចជ្ជាជីវៈបានឲ្តដឹងថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ២១១/២៤ ក.ប/ប្រ.ក.ខ.ល ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំនិងក្រើន រំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវ ទូទាត់ចំនួន ២ដង ក្នុង១ខែ។
ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ កើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។
ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់បងប្អូន កម្មករនិយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦ ដើម្បី ចាត់វិធានការតាមច្បាប់ជាធរមាន ចៀសវាងការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និង បងប្អូនកម្មករនិយោជិតទាំងអស់ ចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី