Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី​ សុខ​ ចិន្តាសោភា​ ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ​ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម​ សុខ​ ចិន្តាសោភា​ ឧបនាយករដ្ឋមន្រ្តី​ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតីភាពក្នុង​ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥​ ដែលមានអ្នកចូលរួមចំនួន​ជិត ៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចអំពីវិស័យកសិកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាវិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងនោះក៏បានកំណត់ក្នុងគោលនយោបាយអាទិភាពទាំង ៦ចំណុចផងដែររួមមាន ការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍កសិកម្មទំនើប។

នាឱកាសដ៏វិសេសវិសាលនេះ​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ជាតិ និងខេត្ត កងកម្លាំង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលជាតួអង្គតែមួយក្នុងវិស័យកសិកម្ម បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធសត្វល្អិតលើដំណាំស្រូវ បញ្ហាខ្វះខាតទឹកសម្រាប់ស្រែប្រាំង និងការចុះចែកពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរនូវការខិតខំក្នុងការបង្ក្រាបបទល្មើសជលផល ព្រៃឈើ និងសត្វព្រៃ បូករួមទាំងកិច្ចការអភិរក្សនូវប្រភេទសត្វកម្រនានា ទទួលបានលទ្ធផលវិជ្ជមាន ការទទួលបានពានរង្វាន់អង្ករល្អប្រណិតលើកទី០៦ និងការកោតសរសើរលើការរៀបចំ​រាជបណ្ឌិត្យ​សភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា និងមន្ទីរពិសោធន៍ជាតិ ដើម្បីបង្កើនគុណភាព សុវត្ថិភាពចំណីអាហារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នៅចំពោះមុខអង្គសន្និបាត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (១)ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន (២)ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ​ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម​ ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម​ (៣)លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ (៤)បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ (៥)ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង(៦) ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា សម្រេចបានសមិទ្ធផលជាច្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសន្តិសុខស្បៀង កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តក្នុងការអនុវត្តការងារជាមួយនឹងយុទ្ធសាស្រ្តមុតស្រួច និងប្រាកដនិយមដើម្បីឱ្យសមស្របទៅគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលត្រឹមឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា អនុវិស័យជលផល ក្រសួង សម្រេចបាន​នូវលទ្ធផល​ល្អប្រសើរ ដោយសារកិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់បទ​ល្មើសនេសាទទូទាំងប្រទេស តាមរយៈកិច្ចសហ​ប្រតិបត្តិ​ការជាមួយស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់​ក្រោម​ជាតិ និងកងកម្លាំងប្រដាប់អាវុធ។ ជាលទ្ធផល​ផលិតផលជលផលសរុបជិត១លានតោនក្នុង២០២៤ កើនឡើង៦០ពាន់​តោនស្មើនឹង៧ភាគរយ ធៀប​នឹង​ឆ្នាំ២០២៣ និងផ្គត់ផ្គង់បាន​៩៥ភាគរយ​នៃ​តម្រូវ​ការ​ក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុង​អនុវិស័យសុខភាពសត្វ នៅតែរក្សា​បាននូវ​សន្តិសុខស្បៀង ជាមួយនឹងផលិតកម្ម​ជាង៣២៥​ពាន់​តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការ​សរុប​ក្នុង​ស្រុក ចំណែកឯបរិមាណតិចតួច ដែលបាននាំ​ចូល​បន្ថែមដើម្បីផ្គត់ផ្គង់ បានទាន់ពេលវេលាសម្រាប់ទាំង​អ្នកផលិតនិងអ្នកទទួលទាន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ពាក់ព័ន្ធ​​នឹងកំណែទម្រង់រដ្ឋបាល​សាធារណៈ ក្រសួង​បាន​បញ្ចប់ការកែសម្រួលរចនាសម្ព័ន្ធ និងបានបញ្ជូន​នូវ​មុខងារសាធារណៈដែលបានកំណត់នូវមុខងារ គាំទ្រ និងមុខងារស្នូលចំនួន១៣ និងមុខងាររងចំនួន៧៣ ដើម្បីផ្តល់កាន់តែរឹងមាំថែមទៀតដល់ការបំពេញ​តួនាទី​ភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ក្នុងនោះ​បានបង្រួម​នាយកដ្ឋានដល់ទៅ៥​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយមិនចាំបាច់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្រសួង​បានបង្កើតសហគមន៍​កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ដោយផ្តោតទៅលើដំណាំ​យុទ្ធសាស្រ្ត​៤ គឺស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ។ ក្នុងនោះក្រសួងបានជួយសម្រួលក្នុងការ​ពង្រីកកិច្ចសហការណ៍ជាមួយដៃគូធនាគារ ក្នុងការផ្តល់ប្រាក់កំចី​ការ​ប្រាក់​ទាប​ជូនដល់សហគមន៍ដែលបាន​បង្កើត​ឡើង​ចង់ខ្ចីប្រាក់ប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួង​កសិកម្ម​បានអភិរក្សធនធាន​ជលផល ជាពិសេសសត្វ​ផ្សោត​ទន្លេមេគង្គ សត្វផ្សោតសមុទ្រ និងមច្ឆាជាតិ​ផ្សេងទៀត ឱ្យមានការកើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារក្រសួងបាន​សហការ​ជាមួយអង្គការអភិរក្ស​សត្វព្រៃនានា ក្នុងការប្រលែងសត្វជិតផុតពូជ​ចូលក្នុង​​បឹងធម្មជាតិវិញ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួង​កសិកម្ម​បាន​បន្តខិតខំប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​និងការទន្ទ្រានការកាន់កាប់ដីព្រៃខុសច្បាប់ តាមរយៈការបញ្ជូន​សំណុំ​រឿង​ទៅតុលាការ និងជំរុញ​ការចុះបញ្ជីដីរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍន៍​សហគមន៍​​​​ព្រៃឈើ ការដាំកូនឈើ និងបង្កាត់សត្វ​ដែលជិតផុតពូជ ដើម្បីបញ្ចូល​ក្នុងធម្មជាតិវិញ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួង​កសិកម្មបានបន្តរៀបចំ​ឱ្យ​មាន​រាជ​បណ្ឌិតសភាកសិកម្ម ដើម្បីស្រាវជ្រាវវិជ្ជាសាស្រ្តរកពូជ វិធីសាស្ត្រដាំដុះ​ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលកសិកម្មខ្ពស់ ព្រមទាំងរៀបចំមន្ទីរពិសោធន៍​កសិកម្មមួយ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បីរក្សាគុណភាពនៃ​សុវត្ថិភាព​ម្ហូបអាហារ ចេញពីផលិតផល​កសិកម្មបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា នៅក្នុង​ឆ្នាំ២០២៤​កន្លងទៅ ក្រសួងកសិកម្មបានជ្រើសរើស​មន្ត្រីកសិកម្មឃុំចំនួន១០០០នាក់បន្ថែមទៀត លើ​មន្ត្រី​កសិកម្មឃុំចំនួន២៥០នាក់ ដែលក្រសួងជ្រើស​រើស​កាលពីឆ្នាំ២០២៣។ ការជ្រើសរើសនេះ ធ្វើឡើង​ដោយ​មាន​តម្លាភាព ក្រោមកិច្ចសហការ​យ៉ាង​ជិតស្និត​ជាមួយក្រសួងមុខងារសាធារណៈ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុង​អនុវិស័យដំណាំបាន ចូលរួមធំជាងគេ ក្នុងការងារវិស័យកសិកម្មទាំងមូលរហូតដល់៦១ភាគរយ ក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម​៣៩,៤លានតោន កើនឡើង២,៥៩ លានតោន​ធៀបឆ្នាំ២០២៣ ក្នុងនោះផលិតកម្មស្រូវ​សម្រេច​បាន១៣,៨៩លានតោន ដែលធានា​បាន​ទាំងស្រុង​នូវសន្តិសុខស្បៀង។ ឯកឧត្តមរដ្ឋមន្ត្រី​បន្ថែមថាទោះបី​ជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ការបំផ្លាញ​ពី​សត្វ​ល្អិត​ផ្សេងៗ តែនេះបញ្ជាក់ថា យើងកាន់តែមាន​ភាពធន់​ទៅនឹង បម្រែបម្រួលអាកាសធាតុ ជាមួយ​បង្កើន​ការផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ពូជ ជី ថ្នាំ និងបច្ចេកវិទ្យា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានប្រើប្រាស់​ថវិកា​អន្តរាគមន៍​នៅក្នុងឆ្នាំ២០២៤ ចំនួន៤០លានដុល្លារ ក្នុងការថែរក្សា​ស្ថិរភាព​ស្រូវ​សែនក្រអូប ផ្ការំដួល ដែលជាពូជរបស់កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ និ​ង​បានទម្លាក់ហិរញ្ញប្បទានជាច្រើនទៅកាន់​រោងម៉ាស៊ីន​ដៃគូទូទាំងប្រទេស ដើម្បី​ប្រមូល​ទិញស្រូវពីប្រជាកសិករឱ្យ​បានទាន់អំឡុង​ពេលភ្ជុំបិណ្ឌ កាលពី​ឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រសួងបានស្នើសុំឯកភាព​ពីរដ្ឋាភិបាល ដើម្បីបញ្ចេញ​កញ្ចប់​​ថវិកាពិសេសមួយទៀត ដើម្បីត្រៀមអន្តរគមន៍​រក្សា​លំនឹងទីផ្សារស្រូវពូជ OM សំដៅធ្វើឱ្យមានទីផ្សារល្អសម្រាប់កសិករ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ទន្ទឹមនឹង​សមិទ្ធិផលដែលសម្រេច​បាន​កាល​ពីឆ្នាំ២០២៤ វិស័យកសិកម្មក៏បានជួបប្រទះ​នៅបញ្ហាមួយចំនួន ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​បន្ថែមទៀតពីគ្រប់​ភាគី​ពាក់ព័ន្ធ និងការដោះស្រាយ​ឱ្យ​បានទូលំទូលាយ ទាន់ពេលវេលានិងមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×