Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋស្លាប់៤នាក់ និងសង្គ្រោះ៥នាក់ ដែលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ ,លោក ឃួង ស្រេង និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភអ្នកស្លាប់និងអ្នករបួស

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ បណ្ដាលឲ្យ មនុស្ស៤នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៥នាក់ផ្សេងទៀតកំពុងធ្វើការសង្គ្រោះ។

បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។

ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។

ថវិកាដែលជាអំណោយរបស់ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញត្រូវបានឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញអមដំណើរដោយលោកជា ខេមរា អភិបាលខណ្ឌដូនពេញ និងលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយទៅប្រគល់ជូនដល់ដៃញាតិសណ្តានរបស់ជនរងគ្រោះនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ខែមករាឆ្នាំ២០២៥នេះ។
បើតាមលោកសុខ ពេញវុធ បានឲ្យដឹងថា៖ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចាត់ឱ្យឯកឧត្ដមនាំយកអំណោយជាថវិកាមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយសពរងគ្រោះម្នាក់ទទួលបានថវិកាចំនួន៥លានរៀល និង២លានរៀលសម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះ។ជាមួយគ្នានោះដែរ អ្នកឧកញ៉ាសុខ គង់ ក៏បានផ្ដល់ជាអំណោយចំនួន១០លានរៀល សម្រាប់សពម្នាក់នឹង ២លានរៀល សម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ដោយឡែកសម្រាប់ការដឹកជញ្ជូនសពទៅស្រុកកំណើតនិងក្ដារមឈូសត្រូវបានលោកជា ខេមា អភិបាលខណ្ឌដូនពេញជាអ្នកធានារ៉ាប់រង។
ក្នុងហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សស្លាប់ស្លាប់០៤នាក់ និងរបួស០៥នាក់ ។ ចំពោះអ្នកស្លាប់ទី១ ឈ្មោះ ម៉ាន់ សុីយ៉ាន ភេទប្រុស អាយុ ៧១ឆ្នាំ ស្នាក់នៅភូមិដេីមចន្ទ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ទី២ ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិកំរៀង ឃុំឈេីកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ទី៣ យស់ សារឿន ភេទ ស្រី អាយុ៦៥ មុខរបរលក់ការ៉េម ស្នាក់នៅត្រឡោកបែក និងមានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៤ មិនទាន់មានបងប្អូននិងញ្ញាតិសណ្តាន។
ចំណែកអ្នកដែលរងរបួស ០៥នាក់ ទី១ ឈ្មោះ នូ សុីណា ភេទស្រី អាយុ៣៥ឆ្នាំ មកពី ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ទី២ ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ១៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ ។
ទី៣ឈ្មោះ កែវ ភឿក ភេទប្រុស អាយុ ៦៥ឆ្នាំ មកពី ខណ្ឌឬស្សីកែវ។ទី៤ ឈ្មោះ ឡោ សាំ ភេទ ស្រីអាយុ៧៣ឆ្នាំ ស្នាក់នៅ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ទី៥ ឈ្មោះយិត តុន ភេទប្រុសអាយុ ៧៥ឆ្នាំ មានស្រុកកំណើតនៅស្រុស្វាយអន្ទរខេត្តព្រៃវែង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ មករា នេះ មានហេតុការណ៍ភ្ញាក់ផ្អើលនៅពេលប្រជាពលរដ្ឋជាច្រើនបាននាំគ្នាប្រជ្រៀតចូលទៅទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ នៅបណ្ដោយមហាវិថីព្រះនរត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្ដាលឲ្យមានអ្នកដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានកម្លាំងអាជ្ញាធរចុះសម្របសម្រួល និងបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ។ ក្នុងនោះជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះអង្គឌួងចំនួន៤នាក់ ស្លាប់២នាក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត៥នាក់ស្លាប់២នាក់។

ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ដោយក្នុងនោះពលរដ្ឋម្នាក់អាចទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម។

ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×