Monday, January 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

រាជធានីភ្នំពេញ : បើតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៥ បានឲ្យដឹងថា សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា បាន ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។ ចូលរួមក្នុងសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជា សមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្សដែលមានចំនួនសរុប ៣ ៥៥៥ រូប។ អង្គសន្និបាត សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សូមមានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សុខ ក្សេមក្សាន្តនៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី ជារៀងដរាប។

អង្គសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការ ទទួលខុសត្រូវខ្ពស់៖

១- នៅក្នុងរយៈពេលពីរថ្ងៃនេះ អង្គសន្និបាតបានសម្រេចការងារដូចខាងក្រោម៖

ទីមួយ- ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥។

ទីពីរ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ៤ រូប រួមមាន សម្តេចមហាមន្ត្រី គុយ សុផល, ឯកឧត្តម ធន់ វឌ្ឍនា, ឯកឧត្តម ម៉ម សារិន និងឯកឧត្តម តាក ស៊ុនអ៊ី ។ ទីបី គាំទ្រទាំងស្រុងរបាយការណ៍បន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពី “ស្ថានការណ៍ទូទៅ ជាពិសេសការងារសេដ្ឋកិច្ច សង្គម។ ទីបួន បានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ស្តីពីទស្សនៈសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងទិសដៅការងារសំខាន់ៗ របស់គណបក្សសម្រាប់រយៈពេលបន្ត។

២- អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅ ក្នុងឆ្នាំ ២០២៤ ដែលធានា ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព។ នៅក្នុងអំឡុងពេលនេះ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋា ភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានឆ្លើយតប ទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដីត្រូវបានរក្សា ការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ ប្រជាជន។ ជាមួយនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍ នានាកាន់តែត្រូវបានពង្រឹង និងពង្រីកឡើង។

៣- អង្គសន្និបាតបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និង អភិវឌ្ឍឥតឈប់ឈរ ដែលបានធានាដល់ការពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។ បណ្តាគណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន និងបណ្តាមជ្ឈដ្ឋានចម្រើនជឿនលឿនក្នុងសង្គមបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះ។ ក្នុងស្មារតីលើកកម្ពស់វប្បធម៌សន្ទនា កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្ស នយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើរួមគ្នាជាមួយគណបក្សនយោបាយផ្សេងៗចំនួន ២៧ទៀត ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សុខដុមនីយកម្មរវាងបណ្តាជនជាតិ វប្បធម៌ និងជំនឿសាសនានានាក្នុង សង្គមក៏កាន់តែត្រូវបានពង្រឹងឡើង។ ដោយឡែក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រការទាំងនេះ បានបញ្ជាក់អំពីវិសាលភាពដ៏ទូលំទូលាយនៃលំហ ប្រជាធិបតេយ្យនិងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជា។

៤- អង្គសន្និបាតបានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលត្រូវបាន យកចិត្តទុកដាក់ជំរុញអនុវត្តស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ធ្វើឱ្យមានសន្ទុះរីក ចម្រើនថ្មីៗទៀតក្នុងគ្រប់ការដ្ឋាននៃការកែទម្រង់។ ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំង ៥ បានធ្វើឱ្យ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និង យុត្តិធម៌សង្គម។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានពង្រឹងជាប្រចាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្នុងទិសដៅកសាងសង្គមប្រកបដោយភាពស្អាតស្អំ យុត្តិធម៌ និងភាពថ្លៃថ្នូរ។

៥- អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែល បានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ ៧ខែ ក្នុងឆ្នាំ ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។ លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាព ប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី ២ ៥២០ ដុល្លារ ក្នុងឆ្នាំ ២០២៣ ដល់ប្រមាណ ២ ៧១៣ ដុល្លារ ក្នុងឆ្នាំ ២០២៤។ លើមូលដ្ឋានការរីកចម្រើនក្នុង ឆ្នាំ ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៥ ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ឆ្លងតាមការ វិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ។

៦- ជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានបន្តអនុវត្តយ៉ាងសកម្មនូវ “ក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥- រួមទាំងកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលបានផ្តល់ ផលវិជ្ជមានដល់ការរក្សាស្ថិរភាពជីវភាព និងការពង្រឹងសុខុមាលភាពប្រជាជន ការបណ្តុះបណ្តាលមុខជំនាញ និង ដោះស្រាយការងារធ្វើ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការបង្កើនកិច្ចគាំពារសង្គមដល់ប្រជាជនក្រីក្រ និង ងាយរងហានិភ័យ។ បច្ចុប្បន្ន វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុន ២ដង បើធៀប នឹងឆ្នាំ ២០១៧ ដោយបានគ្របដណ្តប់ពលរដ្ឋជាង ៧លាននាក់។ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជនត្រូវបានដំឡើងមួយកម្រិតទៀត។ ព្រមជាមួយនេះ ជីវភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បានលើកកម្ពស់ជាលំដាប់តាមរយៈការពង្រឹងលក្ខខណ្ឌការងារ ការពង្រឹងរបប សន្តិសុខសង្គម និងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០៨ ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់ឆ្នាំ ២០២៥ នេះ បើបូកសរុបទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២២៥ ដល់ ២៣៦ ដុល្លារ យ៉ាងតិចក្នុង១ខែ។

៧- អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាង ក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ ជាពិសេស អង្គសន្និបាតបានពិនិត្យឃើញថា សភាពការណ៍ជាតិនៅ តែបន្តជួបការលំបាកជាច្រើន ដែលបណ្តាលមកពីទំនាក់ទំនងរវាងតម្រូវការនៃការលើកកម្ពស់ជីវភាពប្រជាជន និង លទ្ធភាពនៃការផ្គត់ផ្គង់របស់សេដ្ឋកិច្ចជាតិនៅមានកម្រិត, ការលំបាកដែលបណ្តាលមកពីសកម្មភាពប្រទូសរ៉ាយឥត ឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្ឋានអគតិខាងក្រៅមួយចំនួននៅពីក្រោយប៉ុនប៉ងផ្តួលរំលំគណ បក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលដោយស្របច្បាប់ ហើយព្រមជាមួយនេះ សភាពការណ៍អន្តរ ជាតិក៏កាន់តែស្មុគស្មាញឡើងៗ។ កត្តាទាំងនេះ បាននិងកំពុងជះឥទ្ធិពលមកលើដំណើរការអនុវត្តគោលនយោបាយ របស់គណបក្សលើគ្រប់ទិដ្ឋភាព ដូចជា បញ្ហាសន្តិភាព និងស្ថិរភាពនយោបាយ, បញ្ហាអធិបតេយ្យជាតិ, បញ្ហាព្រំដែន និងបូរណភាពទឹកដី, បញ្ហាដោះស្រាយជីវភាពប្រជាជន ជាដើម។ លើមូលដ្ឋាននេះ ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិនិងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតបានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ គឺ៖

ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុល និយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ក្នុងស្មារតីនេះ បន្ត លើកកម្ពស់ការអនុវត្តពាក្យស្លោក “អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុ ទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដាច់ខាតនូវ “សុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ ជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

គាំទ្រពេញទំហឹងដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធានាការអនុវត្តដោយជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដែល មានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល និងមានអាទិភាពគន្លឹះ ៥ គឺ -មនុស្ស ផ្លូវ ទឹក ភ្លើង និងច សំដៅជំរុញសន្ទះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ ព្រមជាមួយនោះ សន្និបាតគាំទ្រយ៉ាងមុតមាំចំពោះវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការពារកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។

បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតាមគន្លងនីតិរដ្ឋ បង្កើនការ អប់រំ និងការអនុវត្តច្បាប់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និង មជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ ដើម្បីការពារ សន្តិភាព ជំរុញការអភិវឌ្ឍជាតិ និងពង្រឹងសុខដុមនីយកម្មសង្គម។

រក្សាស្ថិរភាពក្នុងការរស់នៅ និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបតាមរយៈការថែទាំសុខភាព ការបង្កើន ការងារធ្វើ ការពង្រីកមុខរបរចិញ្ចឹមជីវិត ការបណ្តុះបណ្តាលមុខជំនាញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយ ថ្លៃកសិផល ការពង្រឹងសុវត្ថិភាពភូមិ ឃុំ សង្កាត់ និងជាពិសេសការពង្រឹងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម ឱ្យកាន់តែមានវិសាលភាព ប្រសិទ្ធភាព និងធានាចីរភាពខាងហិរញ្ញវត្ថុ ដោយត្រូវយកចិត្តទុកដាក់ជំរុញការ អនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ព្រមទាំងយុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល។

៨- អង្គសន្និបាតជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗ រួមមាន (១) ប្រកាន់ ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិ ជាពិសេសគោរពយ៉ាង ម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាតិ និងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា, (២) មិនអនុញ្ញាតឱ្យមានការជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត និងមិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬភាពអនុគ្រោះ ណាឡើយ, (៣) គាំទ្រការសន្ទនា និងការទូត ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ ទាំង៣ ក្នុងការចូលរួមក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនានា ពោលគឺ ទី១-ជាយុទ្ធសាស្ត្រដែលគាំទ្រដល់សន្តិភាព និង ការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្ត្រនោះ ដើម្បីប្រឆាំងប្រទេសដទៃ និងទី៣-គាំទ្រដល់មជ្ឈភាពអាស៊ាន និង ទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិក និង(៤) បន្តគាំទ្រប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់កម្ពុជានៅក្នុងអាស៊ាន ក៏ដូច ជាក្នុងអង្គការតំបន់ និងអន្តរជាតិដទៃទៀត រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។

៩- អង្គសន្និបាតសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យក អស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

អង្គសន្និបាតសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែល មានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ ឆ្នាំ កន្លងមក នេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ។

គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលមា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

អង្គសន្និបាតប្រគល់ភារកិច្ចជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តសេច សម្រេចនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី៥ នេះ ឱ្យទទួលបានជោគជ័យ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×