ភ្នំពេញ ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនៅ គ.ជ.ប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។
លទ្ធផលបឋម នៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន ២៨ សំឡេងគណបក្សកម្លាំងជាតិទទួលបាន ៣ សំឡេង ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សឆន្ទៈខ្មែរ ទទួលបានសូន្យសម្លេង។
នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលទើប ត្រូវបានបង្កើតថ្មីៗ
ការិយាល័យបោះឆ្នោតលេខ ០០០៦ ដែលមានទីតាំងនៅសាលាបឋមសិក្សាស្មាច់ដែង ក្នុងឃុំរាម នៃក្រុងកំពង់សោម ខេត្តព្រះសីហនុ បានបើកដំណើរការជាប្រក្រតីនៅវេលាម៉ោង ៧:០០ ព្រឹក សម្រាប់ឱ្យអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែងនៃឃុំទាំងប្រាំ ចំណុះឱ្យ ក្រុងកំពង់សោម ធ្វើការបោះឆ្នោតតាមការកំណត់នៃច្បាប់។
ការិយាល័យបោះឆ្នោតត្រូវបានបិទបញ្ចប់ការបោះឆ្នោត នៅវេលាម៉ោង ៨:០៦ នាទីព្រឹក ដោយសារអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត បានបន្តនីតិវិធី ដើម្បីរាប់សន្លឹកឆ្នោតស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។
ជារួម ដំណើរការទូទៅនៃការបោះឆ្នោតឡើងវិញនេះ បានប្រព្រឹត្តទៅដោយរលូន មាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី