Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ៖ ជួយផ្តល់ជាដំណោះស្រាយអាទិភាព ប្រកបដោយនិរន្តរភាព ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់សហគមន៍ និងបរិស្ថាន និងរួមថែរក្សាបឹងទន្លេសាប

ភ្នំពេញ ៖ «កិច្ចប្រជុំនាថ្ងៃនេះគឺជាការអំពាវនាវមួយឱ្យមានសកម្មភាព និងការរួបរួមសហការគ្នា។ តាមរយៈកិច្ចសហការគ្នាពីគ្រប់វិស័យ ការចែករំលែកចំណេះដឹង និងការប្រើប្រាស់កម្លាំងរួមរបស់យើង យើងអាចធានាបានថាបឹងទន្លេសាប មានភាពរីកចម្រើនរឹងមាំសម្រាប់មនុស្សជំនាន់ក្រោយៗ។ យើងនឹងធ្វើការរួមគ្នាជាមួយអាជ្ញាធរទន្លេសាប និងអ្នកពាក់ព័ន្ធសំខាន់ៗនានា ដើម្បីជួយផ្តល់ជាដំណោះស្រាយអាទិភាពប្រកបដោយនិរន្តរភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងបរិស្ថាន និងរួមថែរក្សាបឹងទន្លេសាប ដែលជាបេះដូង នៃប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗ»។ នេះជាប្រសាសន៍របស់លោកស្រី ថាញ៉ា ម៉ែយ័រ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា នៅឯកិច្ចប្រជុំសម្របសម្រួល ជាមួយភាគីពាក់ព័ន្ធស្តីពីការកសាងកិច្ចសហការរួមគ្នា សម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

សូមរំលឹកថា នាវ៉ាស៊ីនតោន ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ធនាគារពិភពលោក បាន​អនុម័តការ​វិនិយោគ​ថ្មី​មួយ​ទៀត សម្រាប់​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹង​ថានឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣ ០០០នាក់។

ក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project) នឹងធ្វើឱ្យសន្តិសុខទឹកកាន់​តែ​មាន​ភាព​ប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅ​នឹង ហានិភ័យអាកាសធាតុ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា មានប្រសាសន៍ថា៖“គម្រោង នេះ​នឹង​ជួយប្រទេសកម្ពុជាឱ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន”។ លោក​ស្រី​មាន​ប្រសាសន៍​បន្ថែម​ថា៖”ការវិនិយោគនៅពេលនេះទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ, ការធ្វើផែនការ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធឱ្យ​កាន់តែប្រសើរឡើង មិនត្រឹមតែអាច​ឆ្លើយ​តប​បានភ្លាម​ៗ​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងធ្វើ​ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់​សេវា​ទឹករយៈពេលវែង ផងដែរ។”​

ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃ​ការ​ធ្លាក់​ភ្លៀងតាមរដូវ និងតាម​តំបន់នៅក្នុង​ប្រទេស បាន​បង្កបញ្ហា​ប្រឈមជា​ច្រើន​ដល់​ការផ្គត់ផ្គង់ទឹកនៅ​ក្នុងទីក្រុង និងនៅ​តាម​ទី​ជនបទ។ ព្យាករណ៍​អាកាស​ធាតុបាន​ឱ្យ​ដឹង​ថា ទឹកជំនន់ និងភាព​គ្រោះរាំងស្ងួត នឹងមាន​កាន់តែញឹកញាប់ និងសភាព​កាន់​តែ​ធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែ​ខ្លាំងទៅ​លើ​សមត្ថភាព​របស់​ប្រទេស​ ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហា​នេះនឹងជះឥទ្ធិពល​ទៅលើផលិតកម្ម​ស្បៀង និងកំណើន​សេដ្ឋកិច្ច។

គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ, ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលនយោបាយ និងបទប្បញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី​អាកាសធាតុ និងការ​ពង្រឹង​ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់​ជាតិ​ និងថ្នាក់​ខេត្ត។

ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ និងប្រព័ន្ធធារាសាស្រ្ត ​នឹង​ត្រូវ​បាន​ស្តារឡើងវិញ និងកែលម្អឱ្យ​ប្រសើរឡើង ហើយ​សហគមន៍កសិករ​អ្នកប្រើប្រាស់ទឹក​​នឹងទទួល​បាន​ការ​បណ្តុះបណ្តាល​ និង​ជំនួយបច្ចេកទេស​តាម​រយៈគម្រោង សម្រាប់ធ្វើ​ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែល​ត្រូវ​បាន​កែលម្អឡើងវិញ។ តាម​រយៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ជាតិ​ និងថ្នាក់​ខេត្ត វិធានការនានានឹងត្រូវធ្វើឡើងដើម្បីជួយកសិករឱ្យ​ចេះ​ចាប់​យកបច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ សម្រាប់​បង្កើន​ផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័ននៅ​ក្នុងវិស័យ​កសិកម្ម៕ រក្សាសិទ្ធដោយ៖សុទ្ធលី