ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ក្នុងបរិបទនៃការងារកែទម្រង់ ជាពិសេសការវិភាគមុខងារ យើងទាំងអស់គ្នា ចាំបាច់ត្រូវតែចេញដំណើរជាមួយគ្នា ចាប់ផ្តើមឈ្វេងយល់ពីគោលបំណង និយមន័យ បេសកកម្ម ទស្សនវិស័យវែងឆ្ងាយឆ្ពោះទៅមុខ ដោយមានការឯកភាពទស្សនៈរួម”។
ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម » នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានលើកឡើងពីគោលបំណងក្នុងការរៀបចំសិក្ខាសាលាតាមបណ្តាក្រសួងស្ថាប័ន ដើម្បីបង្ហាញវឌ្ឍនភាពព័ត៌មានជាមួយគ្នា និងជាពិសេសការសហការជាមួយគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការវិភាគមុខងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា “រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ បានយល់ច្បាស់ពីស្ថានភាពនយោបាយ និងស្ថានភាពបច្ចេកទេសផ្សេងគ្នានៅតាមបណ្តាក្រសួង ស្ថាប័ននីមួយៗ។ ក្នុងបរិបទនៃការងារកែទម្រង់ ជាពិសេសការវិភាគមុខងារ យើងទាំងអស់គ្នា ចាំបាច់ត្រូវតែចេញដំណើរជាមួយគ្នា តាមរយៈការចាប់ផ្តើមឈ្វេងយល់ពីគោលបំណង និយមន័យ បេសកកម្ម ទស្សនវិស័យវែងឆ្ងាយឆ្ពោះទៅមុខ ជាមួយនឹងការឯកភាពទស្សនៈរួមគ្នា។ […] ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. តែងតែបានត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា និងការពិគ្រោះយោបល់ជាបន្តបន្ទាប់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដើម្បីធ្វើយ៉ាងណាសហការគ្នាសម្រេចគោលដៅនៃការវិភាគមុខងារឱ្យបានជាសមិទ្ធផលជូនដល់រាជរដ្ឋាភិបាល។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែម។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមក្នុងអត្ថន័យថា ការធ្វើវិភាគមុខងារនាពេលនេះ ជាឱកាសរបស់យើងទាំងអស់គ្នា ដើម្បីពង្រឹងភាពធន់ និងដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គសិក្ខាសាលាថា ក្រសួងពាណិជ្ជកម្មបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួនក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ មានគណនេយ្យភាព ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ ជាលទ្ធផលក្រសួង បានរៀបចំជារបាយការណ៍ និងការវិភាគឡើងវិញនូវមុខងារស្នូល មុខងាររង មុខងារគាំទ្រ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ព្រមទាំងតារាងឧបសម្ព័ន្ធទាំង៤ ចប់សព្វគ្រប់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងបានរៀបចំរបាយការណ៍វឌ្ឍនភាពនៃដំណើរការការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ របស់ក្រសួងពាណិជ្ជកម្ម សម្រាប់ឆមាសទី១ ឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ជូនក្រសួងមុខងារសាធារណៈ ពិនិត្យ និងពិភាក្សា។
លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម បានសម្រេចលទ្ធផលជាជំហាននីមួយៗ តាមការរំពឹងទុកក៏ពិតមែន ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការការងារ ឆ្ពោះទៅរកការរៀបចំយន្តការប្រទាក់ក្រឡាគ្នា ផ្អែកលើអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ក្នុងន័យនេះ ការផ្តួចផ្តើមឱ្យមានការរៀបចំសិក្ខាសាលានារបស់ក្រសួងមុខងារសាធារណៈនាពេលនេះ គឺជាការរៀបចំដ៏សមស្រប និងពិតជាមានសារៈសំខាន់បំផុត ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម អាចស្វែងយល់ស៊ីជម្រៅជាងមុន អំពីនីតិវិធីនៃដំណើរការការវិភាគមុខងារ និងរចនាសម្ព័ន្ធ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ ការតម្រង់ទិសបន្ថែមទៀត ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ របស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី