Monday, February 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិននឹកស្មានថា ស្ពានលេខ២៨ សាងសង់លើជ្រលងភ្នំ មានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា សំបូរផ្ទាំងទស្សនីយភាពទាក់ទាញក្រសែភ្នែក ដកចិត្តមិនរួច នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះហើយ

ពិតមែនតែជ្រលងភ្នំមួយនេះ មានជម្រាល រាងតូចទាបបន្តិចមែន ប៉ុន្តែបើនិយាយពីការសាងសង់ស្ពានឆ្លងកាត់ជ្រលងភ្នំតូចទាបនេះវិញ ឃើញថា ស្ពាននេះខ្ពស់គួរឱ្យព្រឺសម្បុរ និងគួរឱ្យសប្បាយភ្នែកមើលផងដែរ ព្រោះមានស្ទឹងហូរកាត់ពីក្រោមបែកទឹកសសំពោង (ស្ទឹងឫស្សីជ្រុំ)  និងទេសភាពជុំវិញនេះ ដូចជា បុប្ផាផ្កាព្រៃ ដើមរុក្ខជាតិតូចធំខៀវស្រងាត់ ខ្សែភ្នំតូចធំរាយអន្លាយ ជាដើម… ស្ពានលេខ២៨ ត្រូវបានអ្នកជំនាញនៅកម្ពុជាសន្មត់ថា ខ្ពស់ជាងគេ (មានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ) សម្រេចបាន ៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះហើយ ខណៈផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ឆ្លងកាត់ភ្ជាប់ទៅ ស្រុកសំឡូត ស្រុកវាលវែង ក្រុងខេមរភូមិន្ទ សម្រេចបាន ៩៦,១៦%។

នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនទៀត។ ការងារសាងសង់ផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ជាង ១៩៨គីឡូម៉ែត្រ (PK០០០+០០០ – PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

គម្រោងនេះ បានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី ខាងកើតទៅខាងលិច, គឺ East Line មក West Line មានប្រវែង ជាង ៦៥គីឡូម៉ែត្រ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦% គិតត្រឹមខែធ្នូកន្លងទៅនេះ។

ស្ដីពីស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០វិញ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ, បច្ចុប្បន្នស្ពានខ្ពស់ជាងគេនេះ សម្រេចការសាងសង់បាន ៩៣%ហើយ ហើយស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ស្ពាននេះ ស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានចំណុចកណ្តាលស្ពាន ស្ថិតនៅត្រង់បង្គោលគីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ នៃជម្រាលភ្នំធម្មជាតិ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញ មាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ, ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជាជួរឈរត្រង់ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹង ប្រើសសរបែបជញ្ជាំងជួរឈរ។

ហាស ហា… ទេសភាពព្រៃព្រឹក្សា លតាវល្លិ៍ ខ្សែភ្នំធម្មជាតិពណ៌ខៀវស្រងាត់ ជ្រលងជម្រាលភ្នំ ខ្លះតូចទាបខ្លះទៀតជ្រៅ ញ៉ាំងឱ្យទីស្ពានលេខ២៨នេះ ក្លាយជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកុំត្រកាល ក្រាលលើក្រសែភ្នែកជនានុជនប្រុសស្រីក្មេងចាស់ ឈ្លក់វង្វេងដកចិត្តស្ទើរមិនរួច… តែយ៉ាងណាក៏ដោយ CEN សូមអង្វរទុកជាមុនឱ្យហើយ កុំឈប់រថយន្ត ចុះដើរទ្រេតទ្រោត គយគន់ទេសភាពលើស្ពានឱ្យសោះ  ប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕ ពិសិដ្ឋ CEN

×