ភ្នំពេញ ៖ ការបង្កើតសហគមន៍កសិកម្មទំនើប មានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ដើម្បីជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ ខាងលើនេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដែលបានថ្លែង ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តម វង សូត បានមានប្រសាសន៍បន្តថា ការដាក់ចេញនូវគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប គឺបានផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលភាគច្រើនជាកសិករ។
ឯកឧត្តមសង្ឃឹមថា រាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តន៍គោលនយោបាយនេះ អោយទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ដើម្បីជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ឯកឧត្តមអនុប្រធានទី២ដ្ឋសភា ក៏បានជម្រាបជូនអង្គពិធីអំពីការងាររបស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយឥស្សរជនបន្តវេន ដែលបានដំណើរការជាប្រក្រតី ដោយពុំមានឧបស័គ្គអ្វីឡើយ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។
ឯកឧត្តម វង សូត បានសំណូមពរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាកសិករ ត្រូវតែសហការគ្នាអោយបានល្អក្នុងការបង្ករបង្កើនផលកសិកម្ម ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងជំនាញពាក់ព័ន្ធនានា ដើម្បីជៀសវាងការខាតបង់ និងហានិភ័យផ្សេងៗ។
ជាចុងក្រោយឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា៕រក្សាសិទ្ធដោយ៖សុទ្ធលី