ភ្នំពេញ ៖ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើជើង(Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញគឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងអង្គប្រជុំដកបទពិសោធន៍ ផ្លូវថ្មើជើង(Walk street) នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រោយពីបើកសាល្បងផ្លូវថ្មើជើង(Walk street) រយៈពេល២ថ្ងៃ នាសប្តាហ៍មុននេះ ឃើញថា មានអ្នកគាំទ្រនិងចូលទៅដើរលេងកំសាន្តច្រើន ពោលគឺនៅថ្ងៃទី២ បានកើនឡើងច្រើនជាងថ្ងៃទី១។ នេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយជំហានហើយ។ទន្ទឹមនិងនេះយើងក៏បានមើលឃើញពីចំណុចចន្លោះប្រហោងមួយចំនួនផងដែរ។ ដូច្នេះហើយទើបយើងបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរកធាតុចូលយកមកអនុវត្តឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានបញ្ជាក់ថា ជាជំហានបន្តនេះ យើងត្រូវដោះស្រាយរកចំណតសំរាប់ម៉ូតូ សំរាប់បងប្អូនប្រជាពលរដ្ឋដែលមកដើរលេងកំសាន្តនៅផ្លូវថ្មើជើង(Walk street)នេះ។ បន្តមកទៀតការរៀបចំឱ្យការប្រគំតន្ត្រីសម័យ បុរាណ(របាំងគោះត្រឡោក ចាប៉ីដងវែង)កន្លែងគូរគំនូរ កន្លែងលក់សៀវភៅ កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ តាមរយៈការបើកដំណើរការសាល្បងផ្លូវថ្មើជើង(Walk street) ២ថ្ងៃកន្លងមកនេះ បើយើងបន្ថែម ការរៀបចំចំណតម៉ូតូនិងការរៀបចំការប្រគុំតន្ត្រីសម័យ បុរាណច្រើនទៀតនោះ ភ្ញៀវនឹងមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្ដមឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជម្រុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ ជម្រុញឱ្យមានការសំអាតអនាម័យបរិស្ថាន សំខាន់ទីតាំងនេះត្រូវតែស្អាតមានសោភណ្ឌភាព ជាកន្លែងទាក់ទាញ។
ជាមួយគ្នានេះត្រូវបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន៣ខ្សែដែលមានស្រាប់មកកាន់ទីតាំងផ្លូវថ្មើជើង(Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅលំនៅដ្ឋានវិញ។ខ្សែ រត់រថយន្តក្រុងដែល កំពុងប្រតិបត្តិការនៅក្បែរតំបន់ ផ្លូវ ថ្មើរ ជើង មានចំនួនមាន៣ខ្សែរត់ ទី២A, ៣ និង៤A៖
-ខ្សែ ទី ២A ចេញ ដំណើរ ពី ស្ថានីយ រថយន្ត ក្រុង កួច កាណុង ដល់ ស្ថានីយ រថយន្ត ក្រុង ព្រែកសំរោង (ក្រុងតាខ្មៅ)
-ខ្សែទី៣ ចេញ ដំណើរ ពី ស្ថានីយ សួន ច្បារ ឬស្សីកែវ ដល់ ស្ថានីយ បុរី សន្តិភាព ២
-ខ្សែទី៤Aចេ ញ ដំណើរ ពី ស្ថានីយ សួន ច្បារ ឬស្សីកែវ ដល់ ស្ថានីយ បុរី សន្តិភាព ២។
គួរបញ្ជាក់ផងដែរថា៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/6d3376de5738e10ea5e85bf78994ebee.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d0dac7115327639f0c55b38031c5eee6-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/17a495cd9bf568b05ed2f0d7541229ef-1024x680.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a27855f2a6ca6711e76af30dd5603d1f-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/eb14c78565b8b7f87e2e63a1f1d3fa16-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/2199b66f064628fec3b824f3b03e6b00-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/bcd821170d8ac59097fb74f8bbddc898-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3d0a6c40569866343882fac686b5dca3-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b55f346276e0cd0c9a502a87f4c255d7-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/279f98eb6d418f6041192a34b5fddf76-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/bba202b2f9c09ff681a394bd2f66955f-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/de2706e9ffd079bbff03eac100c6a178-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8ffe452d09783908f9959d594ffe7f4b-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/dc66632e2d6150693a6fa4706dbc61b6-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/cb447a1a4cf1164de14e3fa35f62a7d0-1024x682.jpg)