Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

រាជធានីភ្នំពេញ : នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការព្រឹទ្ធសភាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន កម្ពុជា បានបញ្ចប់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយ លទ្ធផលផ្លែផ្កា ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេច បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភា ឡាវ និង ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

នៅក្នុងជំនួបទាំងពីរខាងលើ ថ្នាក់ដឹកនាំឡាវបានសម្តែងនូវអំណរគុណចំពោះកម្ពុជា ដែល បានគាំទ្រ និងផ្តល់ជំនួយ ព្រមទាំងរួមចំណែកដល់ភាពជោគជ័យរបស់ឡាវក្នុងការធ្វើជាប្រធានអាស៊ាន និងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ នៅឆ្នាំ២០២៤។ សម្តេចតេជោក៏បានថ្លែងអំណរគុណមិត្តឡាវ ដែលបានបញ្ជូន គណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយនៅអាស៊ីលើកទី១២ នៅកម្ពុជា សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិង សន្តិភាពលើកទី១១ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលទាំងនេះ សបញ្ជាក់អំពីចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏ជ្រាលជ្រៅនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំកម្ពុជា និងឡាវ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាង ប្រទេសទាំងពីរ ដែលបានបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ស្របតាមស្មារតី “ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលភាគីទាំងពីរបានបង្កើតឡើងនៅឆ្នាំ២០១៩ និងផែនទី បង្ហាញផ្លូវសម្រាប់បន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសសម្រាប់អ្នកដឹកនាំបន្តវេន ក្នុងការបន្តពូនជ្រំ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះ ការប្រាស្រ័យទាក់ទងគ្នាជាបងប្អូន និងការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់ជាន់ថ្នាក់ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងគណបក្ស ដែលបានបង្កើននូវជំនឿជឿជាក់ ដ៏រឹងមាំ និងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ឡាវកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។ ថ្នាក់ដឹកនាំ ទាំងពីរបានអបអរសាទរចំពោះលទ្ធផលដ៏ជោគជ័យ និងត្រចះត្រចង់នៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ និងបាន ចាត់ទុកទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ជាទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលកាន់តែពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង យូរអង្វែង សម្រាប់ជាគុណប្រយោជន៍ដ៏ធំធេងជូនជាតិមាតុភូមិ និងប្រជាជន នៃប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែល មានស្រាប់ ជាពិសេសការជំរុញរំហូរពាណិជ្ជកម្មនិងវិនិយោគ, វិស័យថាមពលនិងអគ្គិសនី, អប់រំ, ទេសចរណ៍, ការផ្លាស់ប្តូរប្រជាជននិងប្រជាជន, សន្តិសុខនិងការពារជាតិ, និងការពន្លឿនការកសាង ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងនិងអនុស្សរណៈយោគយល់គ្នានៃប្រទេស ទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលកំពុងប្រែប្រួល ពិបាកប៉ាន់ស្មាន និងជាកង្វល់រួម ព្រមទាំងបាន ឯកភាពបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌអនុតំបន់ និងពិភពលោក។

សម្តេចតេជោ ក៏បានពាំនាំការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ជូន ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន មកបំពេញទស្សនកិច្ចនៅកម្ពុជា នាវេលាសមស្រប។ ឯកឧត្តមបណ្ឌិត បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើជា សហប្រធានជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការបក្សប្រជាជន បដិវត្តន៍ឡាវ ក្នុងកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ ឡាវ។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរនាឆ្នាំកន្លងទៅ ដែលបានពង្រឹងជំនឿទុកចិត្តគ្នាកាន់តែរឹងមាំ និង បន្តកិច្ចសហប្រតិបត្តិការ និងមិត្តភាពកាន់តែស្អិតរមួតរវាងថ្នាក់ដឹកនាំគណបក្ស និងប្រទេសទាំងពីរ ស្របតាមស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១៤ នាខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ សម្តេចតេជោបានជំរុញឱ្យមានជំនួបជាទៀងទាត់រវាងថ្នាក់ដឹកនាំគណបក្ស និងស្ថាប័នពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ទាំងអស់។ បន្ទាប់ពីកិច្ចប្រជុំនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈទាក់ទងបរទេសនៃគណបក្សទាំងពីរ និងរវាងយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ។

ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាពេលនេះ ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រែប្រួល និងពិបាកប៉ាន់ស្មាន ដោយបានផ្តល់នូវសន្ទុះ និងថាមពលថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនិងយូរអង្វែងរវាងកម្ពុជា និងឡាវឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×