Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត បានទទួលជួប ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ជ.ស.ជ. និងលោក លោកស្រី ជាអគ្គលេខាធិការដ្ឋាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាពី“វឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត”ដើម្បីរៀបចំកិច្ចប្រជុំដំបូងនៃ គ.ជ.ស.ជ។

គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ត្រូវបានបង្កើតឡើងជាយន្តការ សម្របសម្រួល ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ជូនរាជរដ្ឋាភិបាលអំពីដំណើរការនៃការអនុវត្តគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត។
គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.)បានផ្តើមរៀបចំផែនការសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតដោយមានកិច្ចសហការជាមួយក្រសួងស្ថាប័នជាសមាជិករបស់ គ.ជ.ស.ជ. អង្គភាពពាក់ព័ន្ធ រដ្ឋបាលថ្នាក់ជាតិនិងក្រោមជាតិ អង្គការដៃគូអភិវឌ្ឍវិស័យឯកជន និងបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ។

ក្នុងកិច្ចប្រជុំនេះ គ.ជ.ស.ជ.បានជម្រាបជូននូវវឌ្ឍនភាពនិងផែនការនៅពេលខាងមុខក្នុងការត្រៀមរៀបចំផែនការ និងរបៀបវារៈកិច្ចប្រជុំដំបូង គ.ជ.ស.ជ. ខែមីនា ឆ្នាំ២០២៥, ស្នើអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ស.ជ., បង្ហាញពីរបាយការណ៍វឌ្ឍនភាពការរៀបចំលិខិតបទដ្ឋានគតិយុត្តរបស់ គ.ជ.ស.ជ., សកម្មភាពដែលលេខាធិការដ្ឋានបានអនុវត្តជាមួយគោលនយោបាយជាតិ, ស្នើសុំការអនុម័តលើផែនការសកម្មភាពជាតិ, ស្នើសុំផែនការសកម្មភាពថវិកាក្នុងកិច្ចដំណើរការរបស់ គ.ជ.ស.ជ. ក្នុងការសម្របសម្រួលរបស់អគ្គលេខាធិការ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន(គ.ជ.ស.ជ) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋានដែលបានខំខិតរៀបចំឯកសារបទដ្ឋានគតិយុត្តផ្សេងៗនិងវឌ្ឍនភាពនៃការប្រព្រឹត្តទៅរបស់(គ.ជ.ស.ជ) ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ បង្កើតឱកាស និងគាំទ្រដល់ប្រជាជនគ្រប់រូបទទួលបានការសិក្សា តាមគ្រប់រូបភាព គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសប្រើប្រាស់ចំណេះដឹង ជំនាញបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតផលការងារ គាំទ្រដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ ប្រកួតប្រជែងក្នុងសហគ្រាស កាត់បន្ថយភាពក្រីក្រ និងបង្កើនបរិយាបន្នសង្គម ស្របតាមយុគសម័យបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងសង្គមពុទ្ធិ។

ការរៀបចំផែនការសកម្មភាពជាតិ ស្តីពីការសិក្សាពេញមួយជីវិត ២០២៤-២០២៨ មានគោលដៅរួមចំណែកជួយលើកកម្ពស់វិស័យអប់រំ សំដៅឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ មុំទី១ ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាគន្លឹះ ដើម្បីឆ្លើយតបទៅនឹងបរិបទពិភពលោកនាពេលបច្ចុប្បន្ន និងនំាកម្ពុជាទៅសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព។
គូសបញ្ជាក់ផងដែរថា គោលនយោបាយសិក្សាពេញមួយជីវិតត្រូវបានអនុម័ត និងចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩ និង ព្រះរាជក្រឹត្យលេខ នស/០៨២០/៩២៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅរបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត៕ រក្សាសិទ្ធដោយ៖សុទ្ធលី