ក្រចេះ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងកែលម្អ ជួសជុល និងថែទាំផ្លូវជាតិ៧៣ ប្រវែង៤៩,៨១ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូល ៩៣,០៦% ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើគ្មានការប្រែប្រួលណាមួយទេ គម្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ និងមានរយៈពេលថែទាំចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៩។
គម្រោងកែលម្អ ជួសជុល និងថែទាំនេះ គឺដើម្បីធានាឱ្យមានការបន្តប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃផ្លូវជាតិ ដែលបានស្តារឡើងវិញ ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រមទាំងនាំមកនូវអត្ថប្រយោជន៍យ៉ាងសម្បើមដល់ប្រជាពលរដ្ឋក្នុងស្រុក និងធានាអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងក្នុងខេត្តចំនួន៦ របស់កម្ពុជា គឺខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយតិច មានភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អប្រសើរឡើងតាមបណ្តាញផ្លូវជាតិ។
គម្រោងនេះរួមមាន៖ ការពង្រីកទទឹងផ្លូវពី ៨ – ៩ ម៉ែត្រ ដល់១១ម៉ែត្រដោយអ៊ុតក្រាលកៅស៊ូ(AC) តំបន់ផ្សារចាក់បេតុងបន្ថែមដល់រង្វង់មូលដែលមានស្រាប់ ស្ថិតនៅចំណុចចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២) និងមានដំឡើងលូជ្រុងកាត់ទទឹងផ្លូវ ដាក់ប្រព័ន្ធលូបង្ហូរទឹក(U-drain) ត្រង់ចំណុចសំខាន់ៗ និងតាមបណ្តោយសងខាងផ្លូវដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ(Climate Resilient) និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (Safety of Road Infrastructure) ព្រមទាំងការកែលម្អចិញ្ចើមផ្លូវ ដំឡើងផ្លាកចរាចរណ៍ ឧបករណ៍សុវត្ថិភាពផ្លូវថ្នល់ ការងារថែទាំខួបសម្រាប់រយៈពេល៥ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី















