Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហេង សួរ៖ គម្រោងរបស់ទីស្នាក់ការកណ្តាល JICA និងអង្គការ ILO នឹងបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហាប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសជប៉ុន កាន់តែប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ការគាំទ្រលើគម្រោងរបស់ទីស្នាក់ការកណ្តាល JICA និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសជប៉ុន។

ការបង្ហាញការគាំទ្រដូចនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ដែលដឹកនាំគណៈប្រតិភូដោយលោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការពិសេសរបស់ប្រធានទីស្នាក់ការកណ្តាល JICA។

ក្នុងជំនួបធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា គម្រោងក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុននេះ ពិតជាមានសារៈសំខាន់ដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករទៅធ្វើការនៅក្នុងប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសជប៉ុននៅតែជាទិសដៅមួយ ដែលពលករកម្ពុជាចង់ទៅធ្វើការ ខណៈដែលទទួលបានប្រាក់អត្ថប្រយោជន៍ខ្ពស់ រួមនិងទទួលបានជំនាញ និងបច្ចេកទេសការងារខ្ពស់ផងដែរ។ ដូចនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាតាមរយៈគម្រោងនេះ នឹងជំរុញឱ្យមានការផ្សព្វផ្សាយ និងស្វែងយល់ពីគ្នាកាន់តែប្រសើរ ជាពិសេសអំពីច្បាប់ការងារ និងអត្ថប្រយោជន៍ផ្សេងៗនៅក្នុងប្រទេសជប៉ុន សម្រាប់ភ្នាក់ងារជ្រើសរើសកម្មសិក្សាការី និងពលករជំនាញកម្ពុជា និងភាគីជប៉ុនដែលត្រូវការកម្លាំងពលកម្ម។

ជាការឆ្លើយតប លោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជានៃប្រទេសកម្ពុជាលើគម្រោងនេះ ដែលនឹងជួយជំរុញការគាំពារកាន់តែប្រសើរសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុន ជាពិសេសការស្វែងយល់រវាងគ្នាកាន់តែប្រសើររវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករ៕ រក្សាសិទ្ធដោយ៖សុទ្ធលី