កណ្តាល ៖ ក្រុមជំនាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញថា រោងចក្ររបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលមានមូលដ្ឋាននៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបន្តលួចបង្ហូរសំណល់រាវមានពណ៌និងមានក្លិន ចូលទៅក្នុងស្ទឹងព្រែកត្នោត។ ក្រុមហ៊ុននេះ បានធ្វើការលួចបង្ហូរសំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ (អង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ) បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន (ដូចមានរូបភាពជាវីដេអូ)។ ក្រុមការងារបានចុះ ពិនិត្យបន្ថែម នៅចំណុចទីតាំងបង្ហូរសំណល់រាវនេះ គឺក្នុងស្ទឹងព្រែកត្នោត ត្រង់ចំណុចបង្ហូរទឹកនៅមានក្លិនទឹកអូសាវែល និងមានពណ៌ខៀវក្រម៉ៅខ្លះៗ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទីតាំងក្រុមហ៊ុនបានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុននេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់។
ករណីលួចបង្ហូរសំណល់រាវ មិនបានឆ្លងកាត់អាប្រព្រឹត្តិកម្មត្រឹមត្រូវរបស់រោងចក្រនេះ បានធ្វើឡើងនាពេលកន្លងមក ហើយត្រូវបានក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យនិងបានចាត់វិធានការច្បាប់ ផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន ដែលបង្កឲ្យមានការបញ្ចេញសំណល់រាវ ធ្វើឱ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ក្នុងករណីនេះ ក្រសួងបរិស្ថាននឹងចាត់វិធានការតាមមាត្រា៨២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/4e1a87aa16cefc7c875c69a6b78df8b9-1024x478.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/e35ec609f2d01a1e9b9393994e11195a-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/77e86e5ee22cfbf23b74097ad8a1dcd8-1024x478.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/16b8a096636b320c0b9c0b5c6722f975-1024x478.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/87ab8d7c009c5d3092b49910b6603ad9-768x1024.jpg)