ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញសេចក្តីកំណត់ស្តីពីការបំពាក់ ការគ្រប់គ្រង ការប្រើប្រាស់ ការចេញបណ្ណសម្គាល់ ការចេញផ្អាកលេខ ការបង់ពន្ធ អាករ និងការលុបចេញពីបញ្ជីគ្រប់គ្រង ចំពោះយានយន្តគ្រប់ប្រភេទក្នុងកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កំណត់
១- ការធ្វើបច្ចុប្បន្នភាពយានយន្ត
បណ្តាអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តការធ្វើបច្ចុប្បន្នភាព បរិមាណយានយន្ត គ្រប់ប្រភេទ ដែលកំពុងមានបច្ចុប្បន្នដោយធ្វើការប្រៀបធៀបក្របខណ្ឌតម្រូវការសំណូមពរភារកិច្ចចាំបាច់ ដែលបានប្រគល់ ចាត់ទុកជាភាពចាំបាច់ដែលមិនអាចខ្វះបានផ្តល់មកកាន់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ធ្វើការចុះបញ្ជីគ្រប់គ្រង ការប្រើប្រាស់ ការចេញបណ្ណសម្គាល់ ការចេញផ្លាកលេខ ការបង់ ពន្ធ អាករជូនរដ្ឋ និងការលុបចេញពីបញ្ជីគ្រប់គ្រងស្របតាមច្បាប់កំណត់ក្នុងរយៈពេល០៣ឆ្នាំម្តង ។
២- ការបែងចែកប្រភេទយានយន្ត
យានជំនិះរបស់កងយោធពលខេមរភូមិន្ទ កំណត់ឱ្យប្រើប្រាស់រួមមាន ០៦ប្រភេទ ដូចខាងក្រោម៖
- ប្រភេទទី១ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ម៉ូតូកង់បួន
- ប្រភេទទី២ រថយន្តទេសចរណ៍ធុនតូច រថយន្តប្រភេទបញ្ជាការ
- ប្រភេទទី៣ រថយន្តដឹកជញ្ជូនធុនស្រាល និងធុនមធ្យម
- ប្រភេទទី៤ រថយន្តដឹកជញ្ជូនធុនធ្ងន់ ក្បាលរថយន្តសណ្តោង រឺម៉ក ឬសឺមីរ៉ឺម៉ក
- ប្រភេទទី៥ យានយន្តុបករណ៍
- ប្រភេទទី៦ ត្រាក់ទ័រ និងយានយន្តកសិកម្មកែច្នៃ
៣- ការកំណត់ប្រភពយានយន្ត
យានយន្តរបស់កងយោធពលខេមរភូមិន្ទ ដែលបានបំពាក់កន្លងមក មានប្រភពរួមដូចខាងក្រោម ៖
- យានយន្តដែលរដ្ឋបំពាក់
- យានយន្តជំនួយពីប្រទេសជាមិត្ត
- យានយន្តអំណោយសប្បុរសជន ក្រុមហ៊ុន និងប្រភពផ្សេងៗ
យានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ ឬស្ថាប័នមានសមត្ថកិច្ច
- យានយន្តដែលបានមកពីការស្ម័គ្រចិត្តដាក់បម្រើក្នុងអង្គភាពទ័ព ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលផ្សេងៗរួចរាល់
- យានយន្តដែលបានពីការកែច្នៃ រៀបចំដំឡើង ។
៤- ការកំណត់លេខកូដសម្គាល់កងឯកភាពដែលជាម្ចាស់គ្រប់គ្រងប្រើប្រាស់
លេខកូដកំណត់សម្គាល់ស្ថាប័នកងឯកភាព រួមមានចំនួន ១០ ប្រភេទ មានដូចខាងក្រោម ៖
- អង្គភាពចំណុះស្ថាប័ន ក្រសួងការពារជាតិ
លេខកូដសម្គាល់ ខេមរភូមិន្ទ ០១
- អង្គភាពចំណុះស្ថាប័ន អគ្គបញ្ជាការដ្ឋាន
លេខកូដសម្គាល់ ខេមរភូមិន្ទ ០២
- អង្គភាពចំណុះស្ថាប័ន យោធភូមិភាគទី១
លេខកូដសម្គាល់ ខេមរភូមិន្ទ ០៣
- អង្គភាពចំណុះស្ថាប័ន យោធភូមិភាគទី២
លេខកូដសម្គាល់ ខេមរភូមិន្ទ ០៤
- អង្គភាពចំណុះស្ថាប័ន យោធភូមិភាគទី៣ លេខកូដសម្គាល់ ខេមរភូមិន្ទ ០៥
- អង្គភាពចំណុះស្ថាប័ន យោធភូមិភាគទី៤
លេខកូដសម្គាល់ ខេមរភូមិន្ទ ០៦
- អង្គភាពចំណុះស្ថាប័ន យោធភូមិភាគទី៥
លេខកូដសម្គាល់ ខេមរភូមិន្ទ ០៧
- អង្គភាពចំណុះស្ថាប័ន យោធភូមិភាគពិសេស
លេខកូដសម្គាល់ ខេមរភូមិន្ទ ០៨
-អង្គភាពចំណុះស្ថាប័ន កងរាជអាវុធហត្ថ
លេខកូដសម្គាល់ ខេមរភូមិន្ទ ០៩
- ក្រុមបេសកកម្មយោធាបរទេស
លេខកូដសម្គាល់ ខេមរភូមិន្ទ ១០
៥- ការកំណត់ផ្លាកសញ្ញាយានជំនិះគ្រប់ប្រភេទ
ផ្លាកសញ្ញាយានជំនិះក្នុងកងយោធពលខេមរភូមិន្ទកំណត់ដាក់លើបន្ទះដែក បំពាក់ចាប់ភ្ជាប់ទៅនឹង កាងយានយន្តផ្នែកខាងមុខ និងខាងក្រោយ មានផ្ទៃពណ៌ខៀវខាងលើក្រហម ខាងក្រោមចែកពាក់កណ្តាលស្ទើរ ដែលមានសសេរអក្សរ និងលេខពណ៌ស ជាភាសាខ្មែរ និងអក្សរឡាតាំង ព្រមទាំងមានលេខកូដសម្គាល់ស្ថាប័ន កងឯកភាពនៅខាងលើ និងលេខសម្គាល់ប្រភេទយានជំនិះនៅដើមលេខចរាចរណ៍ មានរាងជាចតុកោណកែង ដែលមានទំហំស្របតាមប្រភេទយានយន្ត សម្រាប់បំពាក់ពីខាងមុខ និងខាងក្រោយ។ ផ្លាកលេខនីមួយៗ មានសញ្ញាសម្គាល់ពិសេសដើម្បីត្រួតពិនិត្យ និងមានបំពាក់ QR Code។
(ឧបសម្ព័ន្ធទី១)
៦- ការកំណត់លក្ខណៈសម្គាល់បណ្ណសម្គាល់យានយន្តគ្រប់ប្រភេទ
ត្រូវបានផ្តល់បណ្ណសម្គាល់យានយន្តគ្រប់ប្រភេទនីមួយៗ ក្រោយពេលទទួលស្គាល់ឱ្យចុះបញ្ជីចូលក្នុង ក្របខណ្ឌនៃការគ្រប់គ្រងរបស់ក្រសួងការពារជាតិ។ បណ្ណសម្គាល់មានរូបសណ្ឋានតូចល្មមងាយស្រួលក្នុង ការយកតាម ដែលមានផ្ទៃពណ៌ខៀវខាងលើ ក្រហមខាងក្រោម ចែកពាក់កណ្តាលស្ទើរ អក្សរ និងលេខ ពណ៌ស ជាភាសាខ្មែរ និងភាសាឡាតាំង មានរាងចតុកោណកែង ដោយបានកំណត់ពេលវេលាប្រើប្រាស់ ច្បាស់លាស់ និងការក្រើនរំលឹករយៈពេលប្រើប្រាស់។ បណ្ណសម្គាល់យានយន្តមានលក្ខណៈពិសេសសម្រាប់ ត្រួតពិនិត្យ និងមានបំពាក់ QR Code ។
(ឧបសម្ព័ន្ធទី២)
៧- ការកំណត់សញ្ញាសម្គាល់កងឯកភាព
គ្រប់បណ្តាអង្គភាពត្រូវមានសញ្ញាសម្គាល់កងឯកភាពរបស់ខ្លួន។ សញ្ញាសម្គាល់ត្រូវបានទទួលស្គាល់ និងសម្រេចដោយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ឱ្យបានត្រឹមត្រូវ អំពីទំហំ រូបរាង អត្ថន័យរបស់សញ្ញាសម្គាល់នីមួយៗ។ ផ្លាកសញ្ញាសម្គាល់ធ្វើពី Sticker សម្រាប់បិទនៅលើ ទ្វារសងខាងមុខយានយន្ត ចំពោះតែយានយន្តដឹកជញ្ជូនធុនស្រាល និងធុនធ្ងន់គ្រប់ប្រភេទ លើកលែង ចំពោះរថយន្តបញ្ជាការ ។
៨- ការកំណត់ពណ៌លើយានយន្ត
យានយន្តគ្រប់ប្រភេទ ត្រូវបានកំណត់ពណ៌ដែលមានសណ្ឋានជាយោធាតាមការកំណត់របស់ ក្រសួងការពារជាតិ។ ប្រភេទពណ៌ដែលចាំបាច់ត្រូវប្រើគឺពណ៌ត្រេអី និងពណ៌ប៉ារ៉ា តាមសណ្ឋានភូមិសាស្ត្រ របស់ធម្មជាតិបរិស្ថាននៅកម្ពុជា។ ដោយឡែកយានយន្តុបករណ៍ និងយានយន្តនាយទាហានដែលស្នើសុំ ប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ(ឯកជន) ត្រូវរក្សាពណ៌ដើមដោយរោងចក្រផលិត។ មិនត្រូវបាន អនុញ្ញាតឱ្យវិស័យឯកជន ក្រសួងស្ថាប័នផ្សេងប្រើប្រាស់ពណ៌យោធាឡើយ លើកលែងតែយានយន្តុបករណ៍ ។ ៩- ការចុះបញ្ជីគ្រប់គ្រងយានយន្ត
- អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ត្រូវធ្វើការប៉ាន់ប្រមាណអំពីសេចក្តីត្រូវការ ប្រើប្រាស់យានយន្តគ្រប់ប្រភេទក្នុងកងយោធពលខេមរភូមិន្ទ ពិសេសយានយន្តបញ្ជាការយានយន្តដឹកជញ្ជូន ធុនស្រាលដែលជាតម្រូវការចាំបាច់ចំពោះមុខ ដើម្បីងាយស្រួលទទួលយកការចុះបញ្ជីយានយន្ត លទទួលយកការចុះបញ្ជីយា ដោយ កំណត់បរិមាណយានយន្ត និងកំណត់លេខសម្គាល់នៅបណ្តាអង្គភាពស្របតាមការគ្រោងទុក ទាំងយានយន្ត ដែលរដ្ឋបំពាក់ និងយានយន្តនាយទាហានដែលមានភារកិច្ចចាំបាច់ ស្នើសុំដាក់បញ្ចូលក្រោយអនុវត្តកាតព្វកិច្ច បង់ពន្ធនាំចូល និងអាករផ្សេងៗរួចរាល់។ ដោយឡែកចំពោះយានយន្តដឹកជញ្ជូនធុនមធ្យម និងធុនធ្ងន់ ត្រូវអនុវត្តជាបណ្តើៗតាមលទ្ធភាពរបស់រដ្ឋ និងប្រភពផ្តល់ជំនួយ ឬប្រភពផ្សេងៗទៀត។ រាល់ការស្នើសុំទាំងអស់នេះ ត្រូវមានការឯកភាពពីមេបញ្ជាការគ្រប់ជាន់ថ្នាក់ ពិសេសមេបញ្ជាការទ័ពជំនាញទាំងបី និង អគ្គមេបញ្ជាការ ដែលបានការសម្រេចពីក្រសួងការពារជាតិ។ យានជំនិះគ្រប់ប្រភេទ ដែលប្រើប្រាស់ក្នុង កងយោធពលខេមរភូមិន្ទ ត្រូវតែចុះបញ្ជីគ្រប់គ្រងជាផ្លូវការដាច់ខាត មិនអនុញ្ញាតឱ្យមានរថយន្តឯកជន ឬក្រុមហ៊ុនដឹកជញ្ជូនមកជ្រកកោនចុះបញ្ជីប្រើប្រាស់ឡើយ។ យានយន្តដែលបានចុះបញ្ជីរួចហើយត្រូវប កំណត់ថាជាកម្មសិទ្ធិរបស់រដ្ឋនៃអង្គភាពនោះ គិតទាំងការបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនត្រូវរក្សាការ ប្រើប្រាស់ឱ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់រក្សាភាពថ្លៃថ្នូរ និងសណ្តាប់ធ្នាប់ របៀបរៀបរយសន្តិសុខ សង្គម និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ។
ការលុបចេញពីបញ្ជីគ្រប់គ្រងរបស់អង្គភាពក្នុងពេលយានយន្ត ដែលមានគុណភាពប្រើប្រាស់ កម្រិតលេខ៥ (ជួសជុលលែងបាន) ការផ្លាស់ប្តូរមុខតំណែង ត្រូវទទួលបានការស្នើសុំពីមេបញ្ជាការ និង ការសម្រេចរបស់មេបញ្ជាការគ្រប់ជាន់ថ្នាក់ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងការសម្រេច ឱ្យលុបចេញពីបញ្ជីគ្រប់គ្រងដោយក្រសួងការពារជាតិ។ ទប់ស្កាត់ដាច់ខាតការបាត់យានយន្តចេញពីបញ្ជី គ្រប់គ្រងរបស់អង្គភាពគ្រប់បណ្តាថ្នាក់ដែលពុំមានមូលហេតុច្បាស់លាស់។ បណ្តាកងឯកភាព និងនាយទាហាន គ្រប់ជាន់ថ្នាក់ដែលទទួលបានការបំពាក់ ឬការផ្តល់លេខចរាចរណ៍កងយោធពលខេមរភូមិន្ទ ត្រូវរក្សាឱ្យបាន ត្រឹមត្រូវក្នុងការប្រើប្រាស់ មិនអនុញ្ញាតឱ្យមានការខ្ចីការផ្ទេរការលក់ដូរជួលឱ្យអ្នកផ្សេង ឬជនបរទេសយក ទៅប្រើប្រាស់ជាដាច់ខាតគ្រប់បណ្តាអង្គភាព និងម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើរាល់បាតុភាពដែល កើតចេញពីការធ្វេសប្រហែសដោយចេតនា ឬអចេតនាក៏ដោយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
១០- ការកំណត់សិទ្ធបើកបរយានយន្ត
អ្នកបើកបរយានយន្តយោធាគ្រប់ប្រភេទត្រូវចេះបើកបរស្ទាត់ជំនាញ និងយល់ដឹងច្បាស់អំពីច្បាប់ ចរាចរណ៍ផ្លូវគោក។ បានឆ្លងកាត់ការសិក្សារៀនសូត្រជំនាញបើកបរពីបណ្តាសាលារបស់កងយោធពល ខេមរភូមិន្ទដូចជា វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ឬសាលាផ្សេងៗទៀតរបស់រដ្ឋ។ ត្រូវមាន បណ្ណបើកបរស្របច្បាប់ដែលចេញដោយអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ឬបណ្តា សាលារបស់រដ្ឋ ។
១១- កាតព្វកិច្ចនៃការបង់ពន្ធរដ្ឋ
យានយន្តគ្រប់ប្រភេទនៃកងយោធពលខេមរភូមិន្ទ ដែលទទួលបានការបំពាក់ពីរដ្ឋ និងពីការផ្តល់ ជំនួយតាមរយៈកិច្ចសហការបរទេស ដែលបានអនុញ្ញាតឱ្យនាំចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយ រាជរដ្ឋាភិបាល និងយានយន្តដែលតុលាការសម្រេចផ្តល់ឱ្យ ពុំមានកាតព្វកិច្ចបង់ពន្ធ អាករនាំចូលផ្សេងៗ ឡើយ និងចំពោះយានយន្តបម្រើការ យានយន្តដឹកជញ្ជូនធុនស្រាល ដែលទទួលបានមកពីការស្ម័គ្រចិត្ត របស់នាយទាហានផ្តល់ជាអំណោយជូនរដ្ឋ ហើយមានការយល់ព្រមពីរាជរដ្ឋាភិបាល ការបង់ពន្ធលើមធ្យាបាយ ដឹកជញ្ជូនយានជំនិះប្រចាំឆ្នាំជាបន្ទុករដ្ឋ។ ចំពោះយានយន្តបម្រើការ យានយន្តដឹកជញ្ជូនធុនស្រាល ធុនធ្ងន់ ដែលនាយទាហានស្នើសុំប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ការផ្តល់អំណោយរបស់សប្បុរសជន ឬ ក្រុមហ៊ុនត្រូវអនុវត្តកាតព្វកិច្ចបង់ពន្ធរដ្ឋ និងបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនយានជំនិះប្រចាំឆ្នាំ និងពន្ធ អាករផ្សេងៗឱ្យបានទៀងទាត់តាមច្បាប់កំណត់ ។ រាល់ការបំពេញឯកសារលិខិតស្នាមទៅកាន់បណ្តាស្ថាប័ន របស់រដ្ឋដែលពាក់ព័ន្ធ ត្រូវរៀបចំតាមរយៈអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ។
១២- សុពលភាពនៃការប្រើប្រាស់ផ្លាកលេខយានយន្ត
យានយន្តគ្រប់ប្រភេទដែលបានចុះបញ្ជីរួចរាល់ផ្តល់បណ្ណជូន អង្គភាពប្រើប្រាស់ត្រូវបានកំណត់ សុពលភាព មានដូចខាងក្រោម ៖
- យានយន្តរដ្ឋបំពាក់ យានយន្តទទួលបានពីប្រទេសផ្តល់ជំនួយ យានយន្តដែលតុលាការរឹបអូស និងសម្រេចផ្តល់ជូនអង្គភាព ត្រូវបានចុះបញ្ជីផ្តល់បណ្ណប្រើប្រាស់ មានរយៈពេលរហូតដល់ ១០ឆ្នាំ ប៉ុន្តែជារៀងរាល់ពីរឆ្នាំម្តង ត្រូវត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពម្តងដោយទៀងទាត់ ចំពោះ តែយានយន្តដឹកជញ្ជូនធុនមធ្យម និងធុនធ្ងន់ ។
- យានយន្តរដ្ឋបំពាក់ យានយន្តទទួលបានពីប្រទេសផ្តល់ជំនួយ យានយន្តដែលតុលាការរឹបអូស និងសម្រេចផ្តល់ជូនអង្គភាព (ចំពោះយានយន្តដឹកជញ្ជូនធុនស្រាល និងយានយន្តបញ្ជាការ) យានយន្តដែលទទួលបានមកពីការស្ម័គ្រចិត្តរបស់នាយទាហាន ការផ្តល់ជូនដោយសប្បុរជន និងយានយន្តរៀបចំដំឡើងកែច្នៃ ត្រូវបានអនុញ្ញាតឱ្យចុះបញ្ជី និងចេញបណ្ណឱ្យប្រើប្រាស់មាន សុពលភាពតែ៥ឆ្នាំប៉ុណ្ណោះ និងជារៀងរាល់ឆ្នាំត្រូវធ្វើបច្ចុប្បន្នភាពត្រួតពិនិត្យដោយជាក់លាក់បំផុត ។
- ត្រូវប្រគល់ដោយស្ម័គ្រចិត្ត ឬដកហូតតាមរយៈមេបញ្ជាការអង្គភាព ស្ថាប័នកងរាជអាវុធហត្ថ ដែលមានភារកិច្ចត្រួតពិនិត្យរាល់បណ្ណសម្គាល់យានយន្តដែលផុតសុពលភាពក្នុងអង្គភាព របស់ខ្លួន តាមរូបភាពនៃការផ្លាស់ប្តូរមុខតំណែងទៅកាន់អង្គភាពថ្មី និងនិវត្តជន ។
១៣- សមត្ថកិច្ចត្រួតពិនិត្យ-ឆែកឆេរ
- ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងតឹងរឹងបំផុតតាមការសម្រេចពីក្រសួងការពារជាតិ ។
- ការត្រួតពិនិត្យយានយន្តខេមរភូមិន្ទ ត្រូវធ្វើឡើងតាមរយៈការសហការជាមួយស្ថាប័នជំនាញ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងកងរាជអាវុធហត្ថ ។
ការចុះបញ្ជី និងគ្រប់គ្រងស្ថិតិយានយន្តទូទាំងកងយោធពលខេមរភូមិន្ទជាសមត្ថកិច្ចតែមួយគត់ របស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ។
១៤- សេចក្តីកំណត់លេខ ០០២/២០០៩ ស.ក.ណ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការប្រើប្រាស់ លេខចរាចរ កងយោធពលខេមរភូមិន្ទ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីសេចក្តីកំណត់នេះ ត្រូវ ចាត់ទុកជានិរាករណ៍ ។
១៥- ពេលទទួលបានសេចក្តីកំណត់នេះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាន នាយក នាយកដ្ឋាន ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ មេបញ្ជាការកងឯកភាពពាក់ព័ន្ធក្នុងកងយោធពលខេមរភូមិន្ទ ត្រូវមានវិធានការផ្សព្វផ្សាយអនុវត្តសេចក្តី កំណត់នេះឱ្យបានម៉ត់ចត់ និងប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







