Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ជា សិរី បានឡើងពីការរួមចំណែករបស់ធនាគារពិភពលោកក្នុងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Lalita M. Moorty នាយក ធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោកស្រី Lalita M. Moorty បានជម្រាបជូនអំពី ស្ថានភាពទូទៅនៃសេដ្ឋកិច្ចពិភពលោក បេសកកម្មរបស់ធនាគារពិភពលោក វឌ្ឍនភាពនៃវិស័យហិរញ្ញវត្ថុក្នុងតំបន់ និងលទ្ធភាពរបស់ធនាគារពិភពលោកក្នុងការផ្តល់ជំនួយបច្ចេកទេសនានាជូនធនាគារជាតិនៃកម្ពុជាតាមការចាំបាច់ ប្រសិនបើត្រូវការ និងព្រមទាំងចង់ស្វែងយល់បន្ថែមពីស្ថានភាពទូទៅនៃប្រព័ន្ធធនាគារនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានជម្រាបជូនអំពីស្ថានភាពទូទៅនៃវិស័យធនាគារនៅកម្ពុជា ដែលបន្តរក្សាបាននូវស្ថិរភាព និងជំនឿទុកចិត្តរបស់សាធារណជន។ កន្លងមក ធនាគារជាតិនៃកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដូចជា គោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថល ជាពិសេសប្រព័ន្ធទូទាត់បាគង ដែលមិនត្រឹមតែត្រូវបានប្រើប្រាស់ជាប្រព័ន្ធទូទាត់ប៉ុណ្ណោះទេ ថែមទាំងបានប្រើប្រាស់ជាសូចនាករនៃលំហូរសាច់ប្រាក់របស់សហគ្រាសធន់តូចនិងមធ្យមសម្រាប់ការវាយតម្លៃផ្នែកឥណទាន ដែលនេះ ជាជំហានថ្មីមួយសម្រាប់វិស័យធនាគារនៅកម្ពុជា។

ទន្ទឹមនេះ លោកជំទាវ ក៏បានគួសបញ្ជាក់អំពីតួនាទីរបស់ក្រុមហ៊ុនក្រេឌីតប៊ុយរ៉ូកម្ពុជា ក្នុងការជួយលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាគឥណទានរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាចំណែកមួយនៃវិធានការពារនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

លោកជំទាវ ទេសាភិបាល ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរបស់ធនាគារជាតិនៃកម្ពុជាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាផងដែរ។
បន្ថែមពីនេះ លោកជំទាវ ទេសាភិបាល ក៏បានឡើងពីការរួមចំណែករបស់ធនាគារពិភពលោកក្នុងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ហើយធនាគារជាតិនៃកម្ពុជាក៏នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារពិភពលោកនិងដៃគូអភិវឌ្ឍនានា ផងដែរ ស្របតាមតម្រូវការនិងបរិបទរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី