រាជធានីភ្នំពេញ: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមកបំពេញសំណុំបែបបទស្នើសុំផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅលេខាធិការដ្ឋាន ក.គ.ផ.ស។
នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញលិខិតសូមជម្រាបជូន
អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងទាំងអស់ស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមអាហ្វីស ប៉ាណូ ប៉ាណូអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ ដោយគ្មានការអនុញ្ញាតពី ក.គ.ផ.ស.។
ឯកឧត្តមនេត្រ ភក្ត្រា សូមជម្រាបជូន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន និងភ្នាក់ងារផ្សាយពាណិជ្ជកម្មទាំងអស់ជ្រាបថា នៅពេលថ្មីៗនេះ ក.គ.ផ.ស. បាន សង្កេតឃើញថា មានក្រុមហ៊ុន និងភ្នាក់ងារផ្សាយពាណិជ្ជកម្មមួយចំនួន បានធ្វើការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង តាមអាហ្វីស ប៉ាណូ ប៉ាណូអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ដោយ គ្មានការអនុញ្ញាតពី ក.គ.ផ.ស. បំពានច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ ១៧ចំណុច ស្តីពីការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងរបស់ ក.គ.ផ.ស. ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ និងការប្រកួតប្រជែងមិនសុចរិត។
ក្នុងន័យនេះ ក.គ.ផ.ស. សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ ភ្នាក់ងារ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមកបំពេញសំណុំបែបបទស្នើសុំ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅលេខាធិការដ្ឋាននៃ ក.គ.ផ.ស. រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ អាសយដ្ឋានអគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ស្ថិតនៅក្នុងបរិវេណក្រសួងព័ត៌មាន) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ជាកំហិត។ រាល់ច្បាប់អនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនេះ មិនគិតកម្រៃទេ។
ផុតរយៈពេលកំណត់ខាងលើ ក.គ.ផ.ស. នឹងសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធចុះរុះរើអាហ្វីស ប៉ាណូផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលល្មើសច្បាប់ ដោយ
មិនទទួលខុសត្រូវចំពោះការខូចខាត ហើយតម្រូវឱ្យម្ចាស់ក្រុមហ៊ុន ឬភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ ចេញថ្លៃសំណងការរុះរើ ព្រមទាំងចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះបុគ្គលដែលធ្វើអាជីវកម្មល្មើសច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អនុវត្តតាមការ ណែនាំរបស់ ក.គ.ផ.ស. ឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



