ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជន បុរី ឡងេ ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ នៅទីស្តីការក្រសួង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៥នេះថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា មានទីតាំងនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយបច្ចុប្បន្នក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីស្ដីការក្រសួង ដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន ព្រមទាំងប្រគល់បណ្ណសម្គាល់អចលនវត្ថុជូនបងប្អូន និងសូមអរគុណចំពោះក្រុមការងារដែលបានជួយដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងនៅតែបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗទៀតនាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ទៅមុខទៀត សូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ធ្វើការដាំដើមឈើ ថែរក្សាអនាម័យ បរិស្ថានរស់នៅ ដើម្បីប្រែក្លាយភូមិឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ព្រមជាមួយគ្នានេះ ក្រសួងនឹងជួយសម្របសម្រួលជាមួយធនាគារ ដើម្បីបងប្អូនមានលទ្ធភាពក្នុងការបង់រំលោះបន្តជាមួយបុរីផងដែរ។
សូមបញ្ជាក់ថា គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមដើមខែ នេះ បានដោះស្រាយ នឹងបញ្ចប់បាន 100% ច្រើនជាង ២,៧៨៤ផ្ទះហើយ ដែលនេះ ជាការទទួលខុសត្រូវ និងកោតសរសើរចំពោះម្ចាស់គម្រោង។ នេះ បើផ្អែកតាមរបាយការណ៍បង្ហាញឱ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្ដាញសង្គមផ្លូវការ នាពេលកន្លងមក។ ជារៀងរាល់ថ្ងៃ អ្នកឧកញ៉ា មិនដែលទៅណាឆ្ងាយពី គម្រោងឡើង ត្បិតអី អ្នកឧកញ៉ាបាន ចាត់ទុកថា គម្រោង 6A ក៏ដូចជាគម្រោងផ្សេងទៀត គឺជា «អាយុជីវិតរបស់អ្នកឧកញ៉ា ក៏ដូចជាក្រុមហ៊ុនទាំងមូល»។ ផ្ទះដែលបានសាងរួចក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









