Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ៖ រាជរដ្ឋាភិបាលអូស្ត្រាលី បានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសម្រាប់វិស័យធនធានទឹក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយ។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូស្ថានទូតអូស្រ្តាលី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសម្រាប់វិស័យធនធានទឹក តាមរយៈគម្រោងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់១ និងកាវ៉ាក់២) និងការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងធ្វើឱ្យប្រសើរឡើងសន្តិសុខទឹកកម្ពុជា ដែលមិនត្រឹមតែជួយកសាងប្រព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់វិស័យកសិកម្មនៅក្នុងខេត្តគោលដៅ និងលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែបានជួយជំរុញកំណើនសេដ្ឋកិច្ចជនបទឱ្យមានការរីកចម្រើនទ្វេដងផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមកអំពី ទី១)ឱកាសដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងគម្រោងថ្មីៗដែលមានសក្តានុពលជាមួយក្រសួងធនធានទឹក និងឧតុនិយម ទី២)អភិបាលកិច្ចទឹក និងការអភិវឌ្ឍន៍គោលនយោបាយសម្រាប់ធនធានទឹក និងឧតុនិយម ដោយសារអូស្ត្រាលីត្រូវបានទទួលស្គាល់ជាសកលសម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) ទី៣)ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្លាស់ប្តូរបច្ចេកវិទ្យា និង ទី៤)វិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដូចជា៖ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងប្រព័ន្ធធារាសាស្ត្រពេញលេញ បច្ចេកទេសអភិរក្សទឹក និងប្រព័ន្ធធារាសាស្រ្ត និងភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី