Friday, February 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលនៃប្រទេសម៉ាដាហ្កាស្កា ចុះអនុស្សរណៈយោគយល់ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលនៃប្រទេសម៉ាដាហ្កាស្កា បានចុះអនុស្សរណៈយោគយល់មួយ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ។

អនុស្សរណៈយោគយល់ទ្វេភាគីនេះត្រូវបានចុះហត្ថលេខាដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា។ នៅក្នុងពិធីចុះហត្ថលេខាដែលមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលទាំងពីរ ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង ព្រមទាំងការគរពូនទុនបម្រុងអន្តរជាតិ។ ឯកឧត្តម ក៏បានបង្ហាញសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានផ្តល់បដិសណ្ឋារកិច្ច និងបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធនាគារកណ្តាលម៉ាដាហ្កាស្កា ដែលបានចាប់អារម្មណ៍សិក្សាស្វែងយល់អំពីប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាលរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង។ លោកជំទាវក៏បានបង្ហាញការតាំងចិត្តថានឹងបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។

លើសពីនេះ លោកជំទាវក៏បានជម្រាបជូន សមភាគីម៉ាដាហ្កាស្កាផងដែរអំពីវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា ដែលមានប្រទេសជាច្រើនបានមកសិក្សាស្វែងយល់ពីបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធបាគង និងការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសនានាជាច្រើន ហើយរំពឹងថានឹងអាចតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ ម៉ាដាហ្កាស្កា នាពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី