Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ជំរុញឱ្យប្រតិបត្តិករទឹកស្អាតពង្រឹងសមត្ថភាព និងពង្រីកការគ្រប់ដណ្តប់សេវាឱ្យបាន១០០% ត្រឹមឆ្នាំ២០៣០

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់នៅកម្ពុជាពង្រឹងសមត្ថភាព ធានាអនុលោមភាព និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវាកម្មរបស់ខ្លួនឱ្យបាន១០០% យ៉ាងយូរត្រឹមឆ្នាំ២០៣០។

ថ្លែងក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «ការគ្រប់គ្រងទឹកគ្មានចំណូល»​ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល ចូលរួមដោយប្រធានមន្ទីរឧស្សាហកម្មរាជធានី-ខេត្ត សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងប្រតិបត្តិករទឹកស្អាតឯកជន ឯកឧត្តមបានលើកឡើងថា ការកាត់បន្ថយទឹកគ្មានចំណូលឱ្យស្ថិតក្នុងកម្រិតទាបបំផុត ជាកត្តាសំខាន់មួយដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព និងថ្លៃសមរម្យ។

ឯកឧត្តមបានបន្ថែមថា ក្រសួងកំពុងអនុវត្តវិធានការកែទម្រង់មួយចំនួនសម្រាប់វិស័យទឹកស្អាត រួមមានការពង្រឹងសមត្ថភាពមន្ទីររាជធានី-ខេត្តក្នុងការរចុះធ្វើអធិការកិច្ចចរន្ត និងត្រួតពិនិត្យភាពអនុលោមរបស់ប្រតិបត្តិករ, ការលើកទឹកចិត្តដល់ការវិនិយោគខ្នាតធំ និងមធ្យម ហើយផ្គត់ផ្គង់ទឹកដុំជូនប្រតិបត្តិករដែលស្ទើរលទ្ធភាព, និងការកៀរគរហិរញ្ញប្បទានវិនិយោគក្នុងវិស័យទឹកស្អាត ជាពិសេសគាំទ្រប្រតិបត្តិករឱ្យពង្រឹងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតស្របតាមលក្ខខណ្ឌប្រកាសអនុញ្ញាតជាដើម។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ថវិកាជូនរដ្ឋាករទឹកចំនួន៥ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទឹកស្អាតនៅតាម ខេត្តគោលដៅមួយចំនួន គឺខេត្តកំពត ស្វាយរៀង កំពង់ធំ មណ្ឌលគីរី និងពោធិ៍សាត់៕ រក្សាសិទ្ធដោយ៖សុទ្ធលី