ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានជម្រាបជូនដំណឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក) អង្គភាពសុីម៉ាក់បានទទួលព័ត៌មាន ពីអង្គការដែលទទួលជំនួយ ពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង(waver) ពីរដ្ឋាភិបាលអាមេរិក ឱ្យបើកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់។
ឯកឧត្តមហេង រតនា បានថ្លែងបន្តទៀតថា ក្នុងនាមថ្នាកដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនេះក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នើសុំទៅរដ្ឋាភិបាលឱ្យលើកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី













