Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការប្រើប្រាស់មូលធនរបស់ ADB ពង្រីកប្រតិបត្តិការ បន្ថែម ៥០% សម្រាប់រយៈពេលមួយទសវត្សរ៍ក្រោយ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័តផែនការដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ៥០%សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់នេះ ដែលជាការបន្ថែមមូលដ្ឋានទុនរបស់ខ្លួន ដើម្បីបង្កើនផលជះនៃការអភិវឌ្ឍន៍នៅទូទាំងអាស៊ី និង ប៉ាស៊ីហ្វិក។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នាពេលថ្មីៗនេះ។

ផែនការប្រើប្រាស់មូលធន (CUP) នេះបង្ហាញពីការបង្កើនទំហំនៃការអាចផ្តល់ហិរញ្ញប្បទាន ប្រចាំឆ្នាំរបស់ ADB ពី ២៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដល់ជាង ៣៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៤ ។ ការពង្រីកការផ្តល់ហិរញ្ញប្បទាននេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក កំពុងអភិវឌ្ឍ (DMCs) របស់ ADB ដើម្បីដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗនៅក្នុងតំបន់។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា ផែនការនេះឆ្លើយតបទៅ នឹងតម្រូវការដែលផ្លាស់ប្តូរនៃតំបន់របស់យើង និងបង្កើនផលជះនៃការងាររបស់ ADB ធ្វើអោយប្រសើរ ឡើងនូវជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដីរបស់យើង។ ជាមួយការប្រើប្រាស់សមត្ថភាព ផ្តល់ប្រាក់កម្ចីបន្ថែមរបស់យើង ផែនការប្រើប្រាស់មូលធននេះ អាចឱ្យយើងធ្វើការវិនិយោគជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការ របស់យើងនៅក្នុងតំបន់។

ផែនការប្រើប្រាស់មូលធននេះ តំណាងឱ្យជំហានបន្ទាប់នៃការវិវិត្តកំពុងបន្តរបស់ ADB។ វាជា លទ្ធផលនៃកំណែទម្រង់ការគ្រប់គ្រងមូលធនឆ្នាំ ២០២៣ ដែលបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពផ្តល់ ហិរញ្ញប្បទានរបស់ ADB។ វាក៏ជាលទ្ធផលនៃ ការធ្វើបច្ចុប្បន្នភាពកាលពីឆ្នាំមុននៃយុទ្ធសាស្ត្ររួមរបស់ADB ដែលកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងវិស័យអាទិភាពចំនួនប្រាំ។ ADB ក៏បានពង្រឹង ការផ្តល់ប្រាក់កម្ចីសម្បទាន និងបង្កើនមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលជាប្រភពជំនួយដ៏ធំបំផុតសម្រាប់ ប្រទេសសមាជិកក្រីក្រ និងងាយរងគ្រោះបំផុត តាមរយៈផែនការថ្មីៗនេះ។

ផែនការប្រើប្រាស់មូលធននេះ រំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនៃការសន្យាផ្តល់ប្រាក់កម្ចី របស់ ADB ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ (ជាមួយការបង្កើនបុគ្គលិក និងធនធានជំនួយបច្ចេក ទេស) បន្ទាប់ពីមានស្ថិរភាពកំណើន ប្រកបដោយនិរន្តរភាពក្នុងរយៈកាលកន្លងទៅ។

ប្រតិបត្តិការជាមួយផ្នែកផ្សេងពីរដ្ឋាភិបាល (nonsovereign operations) ត្រូវបានរំពឹងថានឹង កើនឡើងក្នុងល្បឿនដ៏លឿនមួយ (ដោយការកើនឡើងនៃការសន្យាផ្តល់ហិរញ្ញប្បទានពី ២០% ទៅ ២៧% ក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់នេះ) ហើយប្រតិបត្តិការជាមួយរដ្ឋាភិបាល (sovereign operations) នឹងកើនឡើងក្នុងល្បឿនមធ្យមជាមួយនឹងគម្រោងអភិវឌ្ឍន៍ដែលពាក់ព័ន្ធ និងច្រើនជាង មុន។

ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ប្រាក់ចំណូលសុទ្ធរបស់ ADB ត្រូវបានព្យាករថានឹងកើនឡើង ជាលំដាប់។ ADB មានបំណងវិនិយោគជាយុទ្ធសាស្ត្រ មួយផ្នែកនៃចំណូលនេះ ដើម្បីជួយប្រទេស សមាជិកកំពុងអភិវឌ្ឍរបស់ខ្លួនដើម្បីបង្កើតគម្រោងដែលចំណេញនិងមានគុណភាពខ្ពស់ ព្រមទាំងប្រមូល ថវិកាប្រកបដោយនិរន្តរភាពតាមរយៈទីផ្សារមូលធន។ គំនិតផ្តួចផ្តើម ថ្មីៗរួមមានការផ្តល់កម្ចីជាមួយនឹង ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ដើម្បីជំរុញការវិនិយោគលើភាពធន់ និងនិរន្តរភាព ក៏ ដូចជាការគាំទ្រអាស្រ័យស្ថានភាពជាក់ស្តែងក្នុងការរៀបចំតម្រោង។

ADB នឹងបង្កើតវិធីសាស្ត្រប្រតិបត្តិការដើម្បីណែនាំការងារនាពេលអនាគតរបស់ខ្លួនក្នុងផ្នែក អភិវឌ្ឍន៍វិស័យឯកជន អន្តរកម្មឌីជីថល ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងទំនិញសាធារណៈ (public goods)។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរៀបចំឡើងដើម្បីធានាថា ADB អាចសម្រេចបាន នូវគោលដៅរួមរបស់ខ្លួនសម្រាប់ឆ្នាំ ២០៣០។ វារួមបញ្ចូលទាំងការបង្កើនចំណែកនៃហិរញ្ញវត្ថុអាកាសធាតុដល់ ៥០% នៃការសន្យាផ្តល់ហិរញ្ញប្បទានសរុប និងការឈានដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់ វិស័យឯកជនសរុបចំនួន ១៣ ពាន់លានដុល្លារ ពីការផ្តល់ហិរញ្ញប្បទានរបស់ ADB និងពីការកៀរគរថវិកា ដោយផ្ទាល់សម្រាប់ឆ្នាំ ២០៣០ ។ វឌ្ឍនភាពនៃការអនុវត្តផែនការប្រើប្រាស់មូលធននេះនឹងត្រូវពិនិត្យ តាមដានជារៀងរាល់ឆ្នាំ ដើម្បីធានាការឆ្លើយតបរបស់វាទៅនឹងតម្រូវការ និងអាទិភាពដែលកំពុងវិវត្តក្នុង តំបន់។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ៖សុទ្ធលី