ខេត្តស្វាយរៀង : អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការចោទប្រកាន់ ជនជាតិវៀតណាម ចំនួន ០៨ នាក់ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធ និងគ្រឿងញៀន ទម្ងន់សរុប ៨.០៤៣,១២ ក្រាម និងសារធាតុមិនច្បាស់លាស់ ទម្ងន់សរុប ១.៩៣៩,៧០ ក្រាម” ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀងសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការលើ សំណុំរឿងពាក់ព័ន្ធករណី ជួញដូរ, រក្សាទុក, សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដែលបានបង្ក្រាបកាលពីថ្ងៃទី០៨ និងទី០៩ ខែមីនា ឆ្នាំ២០២៥ និងបានបញ្ជូនជនសង្ស័យជា ជនជាតិវៀតណាមចំនួន ០៦ នាក់ ព្រមទាំងវត្ថុតាងដកហូត រួមមាន៖
១-សារធាតុសង្ស័យជាគ្រឿងញៀនទម្ងន់សរុប ៨.០៤៣,១២ ក្រាម (គិតទាំងសំបកវេចខ្ចប់) មានជា ប្រភេទ៖ មេតំហ្វេតាមីន, កេតាមីន និងអ៊ុចស្តាស៊ី និងសារធាតុផ្សំគ្រឿងញៀន (សារធាតុមិនច្បាស់លាស់) ទម្ងន់ សរុប ១.៩៣៩,៧០ (គិតទាំងសំបកវេចខ្ចប់) ។
២-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង, ម៉ាស៊ីនអ៊ុតគ្រឿងញៀនចំនួន ០៦ គ្រឿង, ម៉ាស៊ីនបំឡែង គ្រឿងញៀនចំនួន ០១ គ្រឿង, ទឹកអាស៊ីតអាស៊ីតូមចំនួន ០១ ប៊ីដុង, សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀន មួយចំនួន និងកាំភ្លើងខ្លីចំនួន ០២ ដើម ។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និងរបាយការណ៍របស់មន្ត្រីនគរបាល យុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជា ជនជាតិវៀតណាមចំនួន ០៨ នាក់ (គេចខ្លួនចំនួន ០២ នាក់) តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១១៩ អ.យ.ឃ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ពីបទ ផលិត, រក្សាទុក, ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, សមគំនិតក្នុងអំពើផលិត និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្ទះជួល ស្ថិត ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងនៅចំណុចបន្ទប់ជួលលេខ B211 បឹងកាឡូក្នុងកាស៊ីណូ សៀងហៃរីសិត ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ រហូត ដល់ថ្ងៃទី០៨ និងទី០៩ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៩ កថាខណ្ឌ ទី៥, មាត្រា ៤០ កថាខណ្ឌទី៤ និងទី៧, មាត្រា ៤៨ កថាខណ្ឌទី៤ និងទី៦ និងមាត្រា ៥៣ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងតាមមាត្រា ៨ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់ រំសេវ និងតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ ។
បន្ថែមពីការចោទប្រកាន់ខាងលើនេះ តំណាងអយ្យការក៏បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើប អង្កេត និងស្រាវជ្រាវស្វែងរកតម្រុយពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





