ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាបនិកនៃ Harvard’s Growth Lab និងគណៈប្រតិភូនៃកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ គោលបំណងនៃជំនួបនេះគឺដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចនិងវិស័យធនាគារ នយោបាយរូបិយវត្ថុ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា។
ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យបានលើកឡើងពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាដែលបានកើនឡើងប្រមាណ ៦% ឥទ្ធិពលនៃវិស័យសំណង់មកលើវិស័យធនាគារ ឧបសគ្គនៃការរារាំងដល់វិស័យកសិកម្មពីការកើនឡើងលឿន របបអត្រាប្តូរប្រាក់កម្ពុជា និងការប្រើប្រាស់ប្រាក់រៀល។
ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍លើកឡើងថា ទោះជាសេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សក្តី កម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាជាច្រើន ជាពិសេស ការកើនឡើងឥណទានមិនដំណើរការ។ ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញចាប់ពីវិបត្តិជំងឺកូវីដ-១៩ ហើយរំពឹងថាស្ថានភាពនេះនឹងមានភាពប្រសើរនាពេលខាងមុខ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការអនុវត្តវិធានការនានាដែលនឹងរួមចំណែកគាំទ្រវិស័យកសិកម្មឱ្យកាន់តែមានការរីកចម្រើន។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ សំដៅការពារអំណាចទិញរបស់ប្រជាជន។ លោកជំទាវ ទេសាភិបាល ក៏បានជម្រាបជូនផងដែរពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែសម្បូរបែប ទាំងក្នុងប្រទេសនិងឆ្លងដែន ដែលបច្ចុប្បន្នមានធនាគារកណ្តាលមួយចំនួនកំពុងសិក្សាស្វែងយល់ពីបទពិសោធរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី






