ពិតណាស់ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង គឺដោយសារតែការបើកបរមិនគោរពច្បាប់ ដូចជាបើកបរលើសល្បឿនកំណត់, បើកបរក្នុងស្ថានភាពស្រវឹង, វ៉ាជែងព្រហើន ឬខ្វះការប្រុងប្រយ័ត្ន និងការបើកបរមិនចេះយោគយល់ អធ្យាស្រ័យឲ្យគ្នា ជាដើម។
តួយ៉ាង ដូចករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តញសង្គម សម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញយុវតីម្នាក់ ខណៈស្ថានភាពផ្លូវកំពុងកកស្ទះ ស្រាប់តែបានបើកម៉ូតូ ឆ្លងទៅរកគន្លងមិនចង្អៀត ដោយបើកយ៉ាងលឿនស្លេវ មិនមានការប្រុងប្រយ័ត្ន ក៏ត្រូវបានរថយន្ត១គ្រឿងកំពុងបើកលឿន បុកបណ្តាលឲ្យដួលខ្ទាតប៊ិះចូលក្រោមឡានធំ ដែលពិតជាគួរឲ្យស្រៀវរន្ធត់ណាស់។
លើសពីនេះ គ្រប់គ្នាកាន់តែស្លុតចិត្ត ព្រោះបន្ទាប់ហេតុការណ៍កើតឡើង ក្មេងប្រុសម្នាក់ (ប្រហែលជាប្អូនរបស់នាង) ដែលជិះពីក្រោយ ស្រាប់តែបានបាត់ខ្លួនពីកន្លែងកើតហេតុ ដោយមិនដឹងថា ត្រូវបានអូសនៅក្រោមរថយន្តលឿននោះ ឬយ៉ាងណានោះទេ ខណៈឃើញយុវតីរូបនោះ លើកម៉ូតូជិះតែម្នាក់ឯង។
ទោះជាយ៉ាងណា នៅចុងឃ្លីប គេបានឃើញយុវតីនោះជិះម៉ូតូឆ្លងទៅផ្លូវម្ខាង ហើយក៏បានឃើញក្មេងប្រុស កំពុងឈររង់ចាំនៅលើចិញ្ចើមផ្លូវ ដែលប្រហែលជាបានខ្ទាតចេញពីម៉ូតូ ខណៈពេលគ្រោះថ្នាក់កើតឡើង។ នេះចាត់ទុកជាសំណាងហើយ ដែលទាំងបងស្រី និងប្អូនប្រុស បានរួចផុតពីគ្រោះថ្នាក់! ចុះប្រសិនបើរថយន្តបើកលឿននោះ កិនលើសួរថាតើនឹងមានរឿងអ្វីឡើង!?។
ហេតុការណ៍នេះផងដែរ ប្រភពម្ចាស់រថយន្តដែលថតបាន ពុំបានបញ្ជាក់ពីទីកន្លែងកើតហេតុនៅម្តុំណានោះទេ ប៉ុន្តែ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០ នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្មីៗនេះ៕






