Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី អមដំណើរដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្រសួងទេសចរណ៍សូមជម្រាបជូនសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះ នឹងមានការសម្តែងទស្សនីយភាពសិល្បៈថ្នាក់ជាតិរួមគ្នាកម្ពុជា-ចិន ការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនកុង ហ្វូសៅលីញ ព្រមទាំងការបង្ហាញម៉ូត សម្លៀកបំពាក់បុរាណ និងប្រពៃណីកម្ពុជា-ចិន រួមជាមួយកម្មវិធីសំខាន់ៗ មួយចំនួនទៀត។

ព្រឹត្តិការណ៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ក៏ដូចជារួម ចំណែកជំរុញការផ្សព្វផ្សាយកិត្យានុភាពកម្ពុជា សិល្បៈវប្បធម៌ដ៏ល្អផូរផង់ សក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងជាឱកាសក្នុងការ ផ្សារភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងពាណិជកម្ម ពង្រឹងភាពជាដៃគូ នឹងកិច្ច សហប្រតិបត្តិការល្អរួមចំណែកដល់ការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» និងដើម្បីជាការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែក រដ្ឋ-ឯកជន សារព័ត៌មានជាតិ-អន្តរជាតិ សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ឱ្យបានទូលំទូលាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី