រាជធានីភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់ការនាំផ្លែទុរេនពីប្រទេសវៀតណាម និងប្រទេសថៃ បន្ទាប់ពី អាជ្ញាធរគយប្រទេសចិនរកឃេីញ សារធាតុគីមី ដែលនាំអោយប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ។
បើតាមទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥, ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ករណីរបាយការណ៍ ស្តីពីការហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រថៃ របស់អាជ្ញាធរគយនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោយរកឃើញមានផ្ទុក សារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។
យោង ៖- លិខិតលេខ០៣២៩ ព.ណ.អ.កបប ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោកជំទាវ ជ្រាបថា រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បី ជួយគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី


