ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា សាលារៀនឌីជីថល មិនមែនគ្រាន់តែដាក់បញ្ចូលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ក្នុងការរៀន បង្រៀន និងអភិបាលកិច្ចសាលារៀននោះទេ ប៉ុន្តែជាការបើកទំព័រថ្មីមួយសម្រាប់វិស័យអប់រំ ផ្ដល់ឱកាសឱ្យសិស្សទទួលបានឱកាសសិក្សាដែលគ្មានដែនកំណត់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា លក្ខណៈពិសេសរបស់សាលាឌីជីថល គឺការផ្ដល់ជូនថ្នាក់រៀននិម្មិត និងថ្នាលសិក្សាបែបអន្តរកម្ម សិស្សានុសិស្សអាចសិស្សាតាមប្រព័ន្ធឌីជីថល ដែលមានភាពបត់បែន និងអាចផ្ដល់នូវមេរៀន ទៅតាមរបៀបរៀន និងល្បឿននៃការសិក្សារៀងៗខ្លួន។
ក្រសួងបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ក្នុងគោលដៅ លើកកម្ពស់អក្ខរកម្មឌីជីថល ការអនុវត្តប្រព័ន្ធគ្រប់គ្រងការសិក្សា ការផ្សព្វផ្សាយកម្មវិធីតម្រង់ទិសសិក្សា (រួមមាន មគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សាតាមប្រព័ន្ធអនឡាញ «កម្មវិធី ត្រីវិស័យ») ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យាឌីជីថល ការបង្កើត និង កែសម្រួលកម្មវិធីបណ្តុះបណ្តាលលើមុខជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងការពង្រីក និងការ ប្រើប្រាស់ផ្ទាលឌីជីថលសម្រាប់ការបង្រៀន និងរៀន។
ជាលទ្ធផល ថ្នាលអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំបានបង្កើតវគ្គសិក្សា ១០ វគ្គ និង មានអ្នកប្រើប្រាស់ ២៤.៥៦៩ នាក់ ស្រី ១២.០០៣ នាក់។ ចំនួនអ្នកចូលប្រើប្រាស់ផ្ទាល សាលាឌីជីថលមានចំនួន ៩៦.២៦០ នាក់ សាលារៀនចំនួន ៤៨៥ សាលា សៀវភៅសិក្សា ៣៩ ក្បាល និងមេរៀន ២៣៦ វគ្គ។ ចំនួនអ្នកប្រើប្រាស់កម្មវិធី «ត្រីវិស័យ» មាន ១២៤.៥៣៩ គណនី និងមានអ្នកចូលទស្សនាចំនួន ៤៤៣.៨០៧ ដង។ កម្មវិធីសមមូលអប់រំកម្រិតមូល ដ្ឋានតាមអ៊ីនធឺណិត (BEEP) មានអ្នកសិក្សាបានបញ្ចប់ ៤៨២ នាក់ ស្រី ៤០ ភាគរយ។
ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ អង្គការ KOICA, UNICEF, UNESCO, UK International Development, វិទ្យាស្ថាន (CDRI ( ធនាគារពិភពលោក និងក្រុមហ៊ុន Cellcard រៀបចំសន្និសីទ និងពិព័រណ៍ បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” កាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៥ នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំនេះ បានដាក់ឱ្យដំណើរការនូវ៖ ១). យុទ្ធសាស្ត្រអប់រំ ឌីជីថលសម្រាប់សាលារៀន (Digital Education Strategy for School DESS) និង ២). សម្ពោធគម្រោងការពង្រឹងសមត្ថភាពអ្នកសម្រេចចិត្ត ដើម្បីការប្រើប្រាស់បច្ចេកវិទ្យាអប់រំ ឱ្យបានសមស្របនៅកម្ពុជា (Capacity Development Platform – CDP) ។ សន្និសីទនេះបាន ដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗ រួមមាន៖ យុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់ សាលា រៀន គម្រោងអភិវឌ្ឍសមត្ថភាពអ្នករៀបចំគោលនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ ការអភិវឌ្ឍសាលារៀនឌីជីថលកម្ពុជា ការអភិវឌ្ឍក្រប ខណ្ឌបញ្ញាសិប្បនិម្មិត (AI) នៅកម្រិតសាលារៀន និងគ្រឹះស្ថានអប់រំគ្រូបង្រៀន ការប្រកួត ប្រជែងសមត្ថភាពបញ្ញាសិប្បនិម្មិត ការរៀបចំក្របខណ្ឌបច្ចេកវិទ្យាអប់រំ (EdTech Framework) ក្នុងការរៀន និងបង្រៀន បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ និងការប្រកួតប្រជែង ប្រកបដោយនវានុវត្តន៍ ការរៀបចំគន្លងសិក្សាថ្មីផ្សារភ្ជាប់ទៅនឹងបញ្ញាសិប្បនិម្មិត ក្របខណ្ឌការ អប់រំស្ទែមកម្រិតសាលារៀន និងគ្រូល្អបច្ចេកវិទ្យា ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី




