Tuesday, February 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យ South-East Asia

សៀមរាប : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia ប្រមាណ ៥ ០០០អង្គ/នាក់ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលចាត់ទុកធនធានមនុស្សប្រកបដោយបំណិននាសតវត្សរ៍ទី២១ ជាពិសេស ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ គឺជាកត្តាជំរុញឧត្ដមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ។ សមត្ថភាពជំនាញទាំងនេះ ជួយឱ្យប្រជាជនបង្កើតចំណេះដឹងថ្មីៗ និង ប្រែក្លាយចំណេះដឹងទាំងនេះទៅជាការអនុវត្តប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់ការធ្វើអន្តរកម្មសេដ្ឋកិច្ចរបស់ប្រទេសពីការធ្វើពាណិជ្ជកម្មជាលក្ខណៈដោះដូរទំនិញ ទៅជាការធ្វើពាណិជ្ជកម្មផលិតផល និង សេវាកម្ម ដែលប្រើប្រាស់ចំណេះដឹង និង បច្ចេកវិទ្យាកម្រិតខ្ពស់ ។

រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យក «មនុស្ស» ជាអាទិភាពទី១ ហើយ «ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា» ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក «ការអភិវឌ្ឍធនធានមនុស្ស» ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កត្តាសន្ដិសុខគឺសំខាន់ណាស់ ដូច្នេះត្រូវថែរក្សាឱ្យបានល្អ ជាពិសេសតំបន់ទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្ដល់សុវត្ថិភាពដល់ទេសចរដែលមកលេងកម្សាន្តសប្បាយនៅប្រទេសកម្ពុជា។ នេះហើយជាកត្តាសំខាន់ ដែលត្រូវរួមគ្នាថែរក្សា និងធ្វើឱ្យបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លើយតបចំពោះការព្រួយបារម្ភ របស់ពលរដ្ឋខ្មែរមួយចំនួន ជុំវិញបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដែលកាន់តែភ័យខ្លាចបាត់ប្រទេស កូនខ្មែររឹតតែត្រូវខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព និងម្ចាស់ការខ្លួនឯង ។ ការថ្លែងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង បន្ទាប់ពីមានការលើកឡើង ជុំវិញបញ្ហាទឹកដីម្តង ហើយម្តងទៀត នៅតំបន់ខ្សែបន្ទាត់ព្រំដែន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលយកបញ្ហាព្រំដែន ដើម្បីបម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចន្លោះឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរ មានប្រមាណ៥លាននាក់ ក្នុងនោះឆ្លងកាត់សង្គ្រាម ជាពិសេស របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ ពលរដ្ឋខ្មែរ អស់ជាច្រើនលាននាក់បន្ថែម តែក្រោយការរំដោះប្រទេស និងគិតមកដល់បច្ចុប្បន្ន កម្ពុជា មានប្រជាពលរដ្ឋ ប្រមាណ១៧លាននាក់ ។

សម្ដេចបវរធិបតី លើកឡើងថា ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានឱកាសជាងជំនាន់មុនៗ ។ ក្នុងនោះសម្តេចធិបតី ឱ្យនាំគ្នាបន្តធ្វើយ៉ាងណា ឱ្យក្មេងៗកាន់តែពង្រឹង និងកាន់តែមានឱកាស រឹងមាំខ្លាំងជាងជំនាន់មុនៗតទៅទៀត ខណៈដែលនេះជាគោលដៅ ដែលរដ្ឋាភិបាលបានដាក់ចេញ តាមរយៈវិនិយោគ នៅក្នុងការកសាង និងអភិវឌ្ឍនៅក្នុងវិស័យអប់រំ ឱ្យកាន់តែរឹងមាំ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្លាចបាត់ប្រទេស អត់មានអ្វីខុសទេ ខ្ញុំក៏ខ្លាចបាត់ដែរ កូនខ្ញុំ៣នាក់ វានឹងមានកូនត្រូវជាចៅខ្ញុំ ហើយនឹងមានបន្តចៅទួត ចៅលួត យើងឆ្លងកាត់សង្គ្រាមយូរច្រើនមកហើយ ប៉ុន្តែកុំឱ្យការភ័យខ្លាចនោះ ក្លាយទៅជាការបាក់ទឹកចិត្ត ហើយមិនខំ ហើយគិតតែពីមើលគ្នាឯង មិនទុកចិត្តគ្នាឯងនោះ ដែលជាកត្តាដែលធ្វើឱ្យបាត់បង់ខ្លាំង តែផ្ទុយទៅវិញ បើកាន់តែខ្លាច កាន់តែខំ កូនខ្មែរ បើកាន់តែខ្លាច ត្រូវខំប្រឹងដើម្បីរៀនសូត្រ ពង្រឹងសមត្ថភាព ម្ចាស់ការខ្លួនឯង»៕រក្សាសិទ្ធដោយ៖សុទ្ធលី