ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។
លោកជំទាវរដ្ឋមន្រ្តីស្តីទីបានផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Kanat TUMYSH អំពីការពង្រឹង និងពង្រីកទំនាក់ទំនាក់ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល ដូចជា ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ និងវប្បធម៌។ លោកជំទាវរដ្ឋមន្រ្តីស្តីទី ក៏បានសម្តែងក្តីសង្ឃឹមថា ការបន្តដំណើរការជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថាន នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងពង្រីកកាលានុវត្តភាពធុរកិច្ចរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ ដោយបានឯកភាពគ្នាកំណត់ពេលវេលាប្រជុំលើកទី១ ក្នុងពេលឆាប់ៗខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




