សៀមរាប៖ ក្នុងខែដំបូងនៃឆ្នាំ២០២៥នេះ ភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស មានចំនួន ១៤៦,១៤០នាក់ កើន ២៦.៤៩% និងទទួលបានចំណូល ៦,៩០៣,៣៨០ដុល្លារអាមេរិក កើនឡើង ២៥.៥៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការអបអរសាទរចំពោះខេត្តសៀមរាប ដែលនៅដើមឆ្នាំ២០២៥នេះ ទទួលបានភ្ញៀវទេសចរច្រើនជារៀងរាល់ថ្ងៃមកដើរកម្សាន្ត និងទស្សនាតំបន់ទេសចរណ៍នានា ដែលជាចលករមួយជួយដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះសម្តេចបវរធិបតីបានថ្លែងថា វិស័យទេសចរណ៍ គឺជាវិស័យដែលមានសក្តានុពលធំមួយ ដែលអាចជំរុញកំណើន និងតភ្ជាប់ឱកាសសម្រាប់វិស័យផ្សេងៗឱ្យកាន់តែរីកចម្រើន។
សម្តេចបវរធិបតីបានមានប្រសាសន៍ថា ការទាក់ទាញបាននូវភ្ញៀវទេចរជាតិ និងអន្តរជាតិនេះ ច្រើនជារៀងរាល់ថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រោះតំបន់ទេសចរណ៍ប្រសិនបើអសន្ដិសុខ មិនអាចមានភ្ញៀវទេសចរមកនោះទេ។
សម្ដេចបវរធិបតីបានកោតសរសើរដល់សមត្ថកិច្ចខេត្តសៀមរាប ដែលរក្សាបាននូវសន្តិសុខបានយ៉ាងល្អប្រសើរ និងធ្វើឱ្យខេត្តមានអនាម័យ មានសណ្តាប់ធ្នាប់ល្អ ផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរដែលមកដើរកម្សាន្ត។ ជាមួយគ្នានេះ ភាពរួសរាយរាក់ទាក់ ភាពកក់ក្តៅរបស់ប្រជាជនពលរដ្ឋកម្ពុជាក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដូច្នេះហើយយើងត្រូវរួមគ្នាផ្សព្វផ្សាយចំណុចល្អរបស់យើងឱ្យបានច្រើន និងបង្កើតផលិតផលទេសចរណ៍បន្ថែមទៀត ដើម្បីឱ្យអ្នកមកពិត មកម្តងហើយ ចង់មកម្តងទៀត។
សម្តេចបានគូសបញ្ជាក់បន្ថែមថា ការមកផ្ទាល់ឃើញផ្ទាល់នេះហើយ ដែលយើងត្រូវចាំបាច់ធានាឱ្យបាននូវទស្សនៈ និងការស្រលាញ់រាប់អាន ព្រោះគេនឹងទៅផ្សព្វផ្សាយបន្តទៀត ដើម្បីបញ្ជាក់ការពិតនៅកម្ពុជា ដែលកម្ពុជាក្លាយទៅជា គោលដៅទេសចរណ៍ក្នុងកម្រិតកំពូលតាមរយៈការវាយតម្លៃប៉ុន្មានស្ថាប័ន ប៉ុន្មានប្រទេស។
គួររំលឹកថា យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦.៧លាននាក់ ក្នុងនោះខេត្តសៀមរាប ទទួលបានភ្ញៀវអន្តរជាតិប្រមាណជាង១លាននាក់ ទទួលបានចំណូល ប្រមាណ ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក កើនជាង ២៨ភាគរយ បើធៀបឆ្នាំ២០២៣៕រក្សាសិទ្ធដោយ៖សុទ្ធលី











