Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិតជា សិរី បានពន្យល់អំពីថ្មីៗនេះមានការងឿងឆ្ងល់អំពីកំណើនអតិផរណា ៦% ក្នុងខែមករា

លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា នេះជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករាឆ្នាំ ២០២៥ ធៀប នឹងខែមករាឆ្នាំ២០២៤។ កុំច្រឡំថាធៀបនឹងខែធ្នូ។ ចំពោះអត្រាអតិផរណខែមករា ២០២៥ ធៀបនឹងខែធ្នូ ២០២៤ មានកម្រិតត្រឹម ០,៣%។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បានបញ្ជាក់បន្ថែមថា តួលេខនេះឃើញខ្ពស់ ដោយសារកាលពីខែមករាឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃទំនិញ មានកម្រិត អវិជ្ជមាន -០,៥% ដូច្នេះមូលដ្ឋាននៃការគណនាទាប ហើយយើងឃើញតួលេខនេះខ្ពស់។

អតិផរណាខ្ពស់គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ។ នាចុងខែមករាឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួន ឡើងថ្លៃ (បន្លែកើន ១៥,៦% ផ្លែឈើកើន ១១,៩% ថ្លៃត្រីរ៉ស់ធម្មជាតិកើន ៦,៧% និងថ្លៃសាច់ជ្រូកកើន ៤,៩%) ដែលធ្វើឲ្យសន្ទស្សន៍ថ្លៃម្ហូបអាហារទូទៅកើនឡើង ៧,៨%។

លោកជំទាវបានបន្តលើកឡើងថា បើគណនាអតិផរណា ដកថ្លៃម្ហូបអាហារ និងភេស្ជជៈមិនស្រវឹងចេញ នោះអតិផរណា នៅសល់តែ ៣,៧% ប៉ុណ្ណោះ។

ពាក្យថា សន្ទស្សន៍ គឺបានន័យថាជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នា ដោយឲ្យទម្ងន់ទៅលើថ្លៃទំនិញណាដែលមានសារៈសំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុខទំនិញដទៃ។ ដូច្នេះ មិនអាចនិយាយថាការឡើងថ្លៃ ៦% ចំពោះគ្រប់ទំនិញនោះទេ។

“ការគណនាអត្រាអតិផរណា គឺត្រូវប្រើប្រាស់វិធីសាស្ត្រដែលមានលក្ខណៈស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។ ការប្រមូលថ្លៃទំនិញគឺត្រូវធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិជាប្រចាំ លើចំនួនមុខទំនិញជាក់លាក់ចំនួន ២៥៩ មុខ ពីទីតាំងលក់មួយចំនួនជាក់លាក់ ដែលគេហៅថាកន្ត្រកទំនិញ។ ក្រោយពីទទួលបានសន្ទស្សន៍ថ្លៃ ធនាគារជាតិនៃកម្ពុជាគណនាអត្រាអតិផរណា ប្រចាំខែ និងប្រចាំឆ្នាំ។ ក្នុងចំណោមមុខទំនិញទាំងអស់នោះ មានមុខទំនិញខ្លះដែលសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានឱ្យទម្ងន់ច្រើនជាងមុខទំនិញមួយចំនួនទៀត ។ ឧទាហណ៍ ទម្ងន់នៃថ្លៃម្ហូបអាហារ មានសមាមាត្រ ៤៤,៨% នៃកន្ត្រកមុខទំនិញសម្រាប់ការគណនារកសន្ទស្សន៍ថ្លៃទំនិញ”។ លោកជំទាវបានថ្លែងបន្ថែមយ៉ាងដូច្នេះ។

បើតាមលោកជំទាវទេសាភិបាល បានថ្លែងថា អាត្រាអតិផរណាគឺជាសូចនាករមួយដែលអ្នករៀបចំគោលនយោបាយអាចយល់អំពីស្ថានភាពថ្លៃទំនិញ និងរៀបចំគោលនយោបាយសមស្របដើម្បីរក្សាអំណាចទិញរបស់ប្រជាជន ។ ការរក្សាស្ថិរភាពថ្លៃជាមុខងារភារកិច្ចចម្បងមួយរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈការប្រើឧបករណ៍គោលនយោបាយរូបិយវត្ថុ ប៉ុន្តែរាជរដ្ឋាភិបាលក៏មានភារកិច្ចសំខាន់ផងដែរ តាមរយៈការប្រើឧបករណ៍គោលនយោបាយសារពើពន្ធ និង ជំរុញផលិតភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក៕ រក្សាសិទ្ធដោយ៖សុទ្ធលី