សៀមរាប ៖ នៅសៀមរាប ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ កូរ៉េ សហការជាមួយសមាគមវប្បធម៌កូរ៉េ និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជារួមមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ទេសចរណ៍ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានរៀបចំកម្មវិធីសំខាន់ៗរបស់គម្រោងអង្គរ (Angkor Project) ដោយជោគជ័យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នានាត្រូវបាន រៀបចំឡើង ក្នុងគោលបំណងពង្រឹងការទូតវប្បធម៌ អបអរសាទរចំពោះបេតិកភណ្ឌរួមគ្នា និង ឧបត្ថម្ភដល់សហគមន៍ តាមរយៈពិព័រណ៍សិល្បៈ ការថតរូបនិងថតវីដេអូ និងសកម្មភាពសប្បុរសធម៌។
- កម្មវិធីពិព័រណ៍សិល្បៈកម្ពុជា-កូរ៉េ៖ កម្មវិធីពិព័រណ៍សិល្បៈកម្ពុជា-កូរ៉េ បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២០-២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសារមន្ទីរជាតិអង្គរ ក្នុងគោលបំណងបង្ហាញនូវស្នាដៃ គំនូរ និងស្នាដៃសិល្បៈប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងស្រស់ស្អាត របស់វិចិត្រករ និងសិប្បករ ល្បីៗរបស់កូរ៉េ ដែលរួមបញ្ចូលគ្នានូវប្រពៃណី និងសម័យ ដើម្បីបង្ហាញពីទំនាក់ទំនងរវាងមនុស្ស វប្បធម៌ និងធម្មជាតិ។
កម្មវិធីពិព័រណ៍សិល្បៈនេះ ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ព្រមទាំងមានការចូលរួមពី ភ្ញៀវកិត្តិយសដទៃទៀតប្រមាណ ២០០ នាក់។
ព្រឹត្តិការណ៍នេះ បានបង្ហាញពីការអបអរសាទរចំពោះទំនាក់ទំនងផ្នែកវប្បធម៌ និងតួនាទី របស់សិល្បៈ ក្នុងការជំរុញវិស័យទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ នៅ ក្នុងឱកាសនោះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់រយនាក់ ដែលបានទស្សនា ពិព័រណ៍សិល្បៈនេះ បានបង្ហាញអារម្មណ៍ស្ញប់ស្ញែង ចំពោះស្នាដៃគំនូរ និងស្នាដៃសិល្បៈ ដែលបានតាំងបង្ហាញនៅក្នុងសារមន្ទីរ។ ក្នុងឱកាសនោះ វិចិត្រករដ៏ល្បីឈ្មោះរបស់កូរ៉េក៏បានប្រគល់រូប គំនូរបាយ័នដ៏ស្រស់ស្អាត មានទំហំ 2,7 m x 2,1 m គិតជាតម្លៃប្រមាណ ១៤០.០០០ ដុល្លារ សហរដ្ឋអាមេរិក ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលរូបគំនូរនោះ វិចិត្រករកូរ៉េបានប្រើប្រាស់ ដីរបស់ខ្មែរ ដើម្បីយកទៅលាយពណ៌។
លោកជំទាវ ជើង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា – ការតាំងពិព័រណ៍សិល្បៈនេះ គឺជាស្ពានតភ្ជាប់រវាងប្រទេសយើងទាំងពីរ តាមរយៈភាពច្នៃប្រឌិត ដែលជាការផ្តល់គុណតម្លៃដល់គ្នាទៅវិញទៅមក និងការជំរុញឱ្យមនុស្សជំនាន់ក្រោយ មាន ទឹកចិត្តស្រឡាញ់ និងថែរក្សាសម្បត្តិបេតិកភណ្ឌ»។ ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា គម្រោងអង្គរ ២០២៥ បានជួយលើកមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយបានរួមបញ្ចូលគ្នានូវការអភិរក្សវប្បធម៌ ជាមួយនឹងភាពច្នៃប្រឌិតថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងទំនាក់ទំនងកម្ពុជា-កូរ៉េ»។
II. ការថតរូប និងថតវីដេអូនៅតាមប្រាសាទ៖ ការថតរូប និងថតវីដេអូ បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២១-២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅបរិវេណវង់តូច ក្នុងនោះមានប្រាសាទអង្គរវត្ត និង ប្រាសាទតាព្រហ្ម។ តារាខ្មែរ និងកូរ៉េ ដែលស្លៀកសម្លៀកបំពាក់របស់អ្នករចនាម៉ូដដ៏ល្បីល្បាញលើ ពិភពលោក គឺលោក LIE SANG BONG និងក្រុមរចនាម៉ូដ Korea Hanbok Diplomatic Mission បានថតរូប និងថតវីដេអូ នៅខាងមុខប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ រូបភាពរបស់តារា បង្ហាញម៉ូដនានា ដែលភ្ជាប់ទៅដោយទេសភាពនៃប្រាង្គប្រាសាទ និងក្បាច់ចម្លាក់បុរាណខ្មែរដ៏ ស្រស់ស្អាត ត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានាទាំងនៅ កម្ពុជា និងនៅសាធារណរដ្ឋកូរ៉េ ដែលទាំងនេះនឹងជួយផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា និងការកោតសរសើរចំពោះស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ។
នៅក្នុងឱកាសនោះ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ បានថ្លែងថា – តាមរយៈរូបភាពទាំងនេះ យើងអបអរសាទរចំពោះភាពសុខដុមរមនានៃប្រវត្តិសាស្ត្រ និង សម័យទំនើប ហើយសូមអញ្ជើញភ្ញៀវទាំងអស់នៅជុំវិញពិភពលោក មកទស្សនាដោយផ្ទាល់ នៅ ប្រាសាទអង្គរវត្ត”។ ទន្ទឹមនឹងនេះ លោក LEE Sangbong អ្នកច្នៃម៉ូដរបស់កូរ៉េ បានថ្លែងថា – ភាពស្រស់ស្អាតដែលឥតសាបសូន្យរបស់ប្រាសាទអង្គរវត្ត បានផ្តល់នូវភាពល្អឥតខ្ចោះក្នុងការ រួមបញ្ចូលសិល្បៈខ្មែរ និងកូរ៉េ នៅក្នុងសម្លៀកបំពាក់ ដោយបង្កើតបានជាសិល្បៈដែលមានភាព ចម្រុះ។
III. កម្មវិធីប្រគល់-ទទួលមូលនិធិ និងអំណោយសប្បុរសធម៌៖ ក្រៅពីកម្មវិធីពិព័រណ៍សិល្បៈ និងកម្មវិធីថតរូប-ថតវីដេអូនៅតាមប្រាសាទ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានសហការរៀបចំកម្មវិធីប្រគល់-ទទួលមូលនិធិ និងអំណោយសប្បុរសធម៌ នៅ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ដោយមានគណៈអធិបតី ភ្ញៀវកិត្តិយស អ្នកស្ម័គ្រចិត្ត និងកុមារកំព្រាជាង១០០នាក់។ កម្មវិធីនេះ គឺជាការ ផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក្នុង គោលបំណងផ្តល់ការឧបត្ថម្ភផ្នែកអប់រំ និងសុខាភិបាល ដល់ប្រជាជនដែលជួបការលំបាក និង សហគមន៍ដែលត្រូវការជំនួយនៅកម្ពុជា។
នៅក្នុងឱកាសនោះ ថវិកាចំនួន ៥៦.០០០ ដុល្លារសហរដ្ឋអាមេរិក ត្រូវបានប្រគល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ២៦.០០០ ដុល្លារអាមេរិក ត្រូវបាន ប្រគល់ជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប។ ទន្ទឹមនឹងនេះ គណៈអធិបតី និងអ្នកស្ម័គ្រចិត្ត ក៏បានចូលរួមសកម្មភាពចែកសម្ភារៈសិក្សា ថ្នាំពេទ្យ និងសម្លៀកបំពាក់ ដល់ក្មេងៗ ក៏ដូចជា ការដាំកូនឈើនៅក្នុងមជ្ឈមណ្ឌលផងដែរ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះបរិស្ថាន និង ការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងឱកាសនោះ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ កូរ៉េ បានថ្លែងថា «ថ្ងៃនេះ គឺជាការចាប់ផ្តើមនៃកិច្ចខិត្តខំប្រឹងប្រែងរួមគ្នា របស់សប្បុរសជនកូរ៉េ ហើយស្ថានទូតនឹងបន្តសម្របសម្រួលជាមួយភាគីកូរ៉េ ដើម្បីស្វែងរកជំនួយ សម្រាប់សហគមន៍ ដែលជួបការលំបាក។ លោកជំទាវបន្ថែមថា «ការចូលរួមចំណែកទាំងនេះ បង្ហាញពីការទទួល ខុសត្រូវរួមគ្នា ក្នុងការជួយដល់មនុស្សជំនាន់ក្រោយ។ តាមរយៈការសហការនេះ យើងបានជួយ លើកកម្ពស់នូវស្មារតីសាមគ្គីភាព ស្របតាមអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយត្រូវធានាថា នឹងគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ»។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូសហការ សប្បុរសជន អ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួម ចំណែកក្នុងការរៀបចំគម្រោងអង្គរឆ្នាំ២០២៥ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងនោះ រួមមាន៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងអធិការកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធនាគារ KB ប្រាសាក់ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor ក្រុមហ៊ុនអាកាសចរណ៍ Korean Air ក្រុមហ៊ុនវេរប្រាក់ GMoney Trans ក្រុមហ៊ុន Hyundai Motor Group ក្រុមហ៊ុន Hyundai Cambodia មន្ទីរពេទ្យស៊ុនឈុនយ៉ាង ព្រមទាំង ស្ថាប័ន និងសប្បុរសជនជាច្រើនទៀត។
ស្ថានទូតសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕រក្សាសិទ្ធដោយ៖សុទ្ធលី


















