Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យចម្ការផ្លែមៀនតាង៉ែន ឬមៀនប៉ៃលិន នៅខេត្តឧត្តរមានជ័យ

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ទីរកសិកម្មខេត្ត តំណាងមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀនតាង៉ែន ចុះពិនិត្យចម្ការផ្លែមៀនតាង៉ែនរបស់អ្នកស្រី វណ្ណ គន្ធា នៅសង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។

អ្នកស្រី វណ្ណ គន្ធា បានបញ្ជាក់ថា អ្នកស្រីជាអ្នកថែដីឱ្យម្ចាស់ដីដើម តែដោយមានការអនុញ្ញាតពីម្ចាស់ដី អ្នកស្រីបានសម្រេចចិត្តដាំផ្លែមៀនតាង៉ែនទំហំ ២ហិកតា លើដីដែលគាត់ជួយមើលថែនោះ។

តាមការពិនិត្យរបស់មន្ត្រីជំនាញ និងក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀនតាង៉ែន ចម្ការរបស់អ្នកស្រីមិនបានដាំដុះតាមស្តង់ដារបច្ចេកទេស ខ្វះទឹកនិងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ខ្វះការមើលថែ ដែលបណ្ដាលឱ្យផ្លែមៀនតាង៉ែនមានទំហំតូច សាច់ផ្លែតាង៉ែនស្តើង ជ្រួញនិងស្ងួត។ ផ្លែមៀនតាង៉ែនដែលមានគុណភាពដូច្នេះ មិនត្រូវស្តង់ដារសម្រាប់នាំចេញទៅក្រៅប្រទេស ឬសូម្បីតែទីផ្សារក្នុងស្រុកក៏ស្ទើរតែពុំអាចស្រូបទិញបានដែរ។

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានពន្យល់អំពីបញ្ហាបច្ចេកទេស និងទីផ្សារ និងបានណែនាំឱ្យអ្នកស្រី និងកសិករនៅក្នុងតំបន់ក្បែរខាង ទាក់ទងនិងសហការជាមួយមន្ត្រីកសិកម្មឃុំ មន្ទីរជំនាញ ឬក្រសួងតាមរយៈលេខទូរសព្ទ ១២៨៩ ដើម្បីស្វែងរកការជួយគាំទ្រ ឬអន្តរាគមន៍នាមួយ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអញ្ជើញអ្នកស្រី វណ្ណ គន្ធា ចូលរួមនៅក្នុងកិច្ចប្រជុំមួយនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមពីកសិករដាំមៀនតាង៉ែនទូទាំងខេត្តឧត្តរមានជ័យ ក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀនតាង៉ែន មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួបពិភាក្សាគ្នាលើការចងក្រងជាបណ្ដុំសហគមន៍ អំពីតម្រូវការនិងលក្ខខណ្ឌបច្ចេកទេសនៃការដាំដុះ និងលទ្ធភាពក្នុងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយគ្នា។ អ្នកស្រី វណ្ណ គន្ធា ថ្លែងថា អ្នកស្រីនឹងចូលរួមក្នុងកិច្ចប្រជុំនេះឲ្យខាងតែបាន។

ជាចុងបញ្ចប់ កសិករដាំដំណាំមៀនតាង៉ែនរូបនេះ បានថ្លែងអំណរគុណឯកឧត្តមអនុរដ្ឋលេខាធិការចំពោះការយកចិត្តទុកដាក់ អញ្ជើញមកពិនិត្យផ្ទាល់នៅចម្ការ និងផ្ដល់អនុសាសន៍ណែនាំអំពីបច្ចេកទេស ទីផ្សារ ដែលធ្វើឲ្យអ្នកស្រីមានកម្លាំងចិត្តបន្តការដាំដុះមៀនតាង៉ែន ស្របតាមស្តង់ដារបច្ចេកទេស និងការគាំទ្រ ទាំងពីក្រុមហ៊ុន អ្នកប្រមូលទិញ និងមន្ដ្រីកសិកម្មឃុំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕រក្សាសិទ្ធដោយ៖សុទ្ធលី