Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានតម្រង់ទិសលេីមុខជំនាញវិស្វកម្មកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងសារគមនាគមន៍កសិកម្ម ដែលមានតម្រូវការទីផ្សារការងារល្អ

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់សិស្ស-និស្សិត យកចិត្តទុកដាក់រៀនសូត្រ និងមានភាពប្រាកដនិយម ដែលជាគុណាធិបតេយ្យចេញពីការខិតខំរៀនសូត្រប្រកបដោយគុណភាព។ ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់អំពីភាពចាំបាច់ដែលសិស្ស-និស្សិតត្រូវមានភាពជាអ្នកដឹកនាំ មានមូលដ្ឋានភាសាបរទេស មានគំនិតច្នៃប្រឌិត និងយល់ដឹងពីការធ្វេីជំនួញ ធុរកិច្ច និងអាចរៀបចំដឹកនាំសហគមន៍កសិកម្មទំនេីប សម្របសម្រួលឱ្យប្រជាកសិករចេះធ្វេីការរួមគ្នា និងមានភាពម្ចាស់ការពិតប្រាកដ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានតម្រង់ទិសលេីមុខជំនាញវិស្វកម្មកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងសារគមនាគមន៍កសិកម្ម ដែលមានតម្រូវការទីផ្សារការងារល្អ។

បេីតាម ឯកឧត្តមរដ្ឋមន្ត្រី ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ដូចនេះក្នុងនាមបញ្ញវន្ត ត្រូវមានការយល់ដឹង ពិចារណាច្បាស់លាស់ មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ មានការគិតគូរផ្អែកលេីភាពពិតប្រាកដ ចូលរួមការងារសង្គម និងផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែង ជាជាងការផ្តល់ព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលធ្វេីឱ្យមានផលប៉ះពាល់ជាច្រេីនក្នុងសង្គមជាតិ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសេីរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត បណ្តុះបណ្តាលកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងពេញសមត្ថភាពក្នុងវិស័យកសិកម្ម និងសូមជូនពរដល់អង្គពិធី ទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី