Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងបរិបទបច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានចូលរួមចំណែកនៅ ក្នុងការលើកកម្ពស់លទ្ធផលសិក្សា ជំរុញការប្រើប្រាស់វិធីសាស្ត្របង្រៀនប្រកបដោយភាពច្នៃ ប្រឌិត និងទំនើបកម្មសម្ភារៈសិក្សា

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ថ្មីៗនេះ ក្រសួងបានសហការជាមួយក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងផ្នែកឯកជន ដើម្បី រៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជា ឆ្ពោះទៅកាន់ការអប់រំឌីជីថល” និងបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗ រួមមាន៖ ១).យុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ២). គម្រោងអភិវឌ្ឍសមត្ថភាពអ្នករៀបចំ គោលនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ ៣).ការ អភិវឌ្ឍសាលារៀនឌីជីថលកម្ពុជា ៤). ការអភិវឌ្ឍក្របខណ្ឌបញ្ញាសិប្បនិម្មិត (AI) នៅកម្រិត សាលារៀន និងគ្រឹះស្ថានអប់រំគ្រូបង្រៀន ៥). ការប្រកួតប្រជែងសមត្ថភាពបញ្ញាសិប្បនិម្មិត ៦).ការរៀបចំក្របខណ្ឌបច្ចេកវិទ្យាអប់រំ (EdTech Framework) ក្នុងការរៀន និងបង្រៀន ៧).បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំនិងការប្រកួតប្រជែងប្រកបដោយនវានុវត្តន៍ ៨).ការរៀបចំ គន្លងសិក្សាថ្មីផ្សារភ្ជាប់ទៅនឹងបញ្ញាសិប្បនិម្មិត ក្របខណ្ឌការអប់រំស្ទែមកម្រិតសាលារៀន និង គ្រូល្អបច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងបរិបទបច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានចូលរួមចំណែកនៅ ក្នុងការលើកកម្ពស់លទ្ធផលសិក្សា ជំរុញការប្រើប្រាស់វិធីសាស្ត្របង្រៀនប្រកបដោយភាពច្នៃ ប្រឌិត និងទំនើបកម្មសម្ភារៈសិក្សាក៏ដូចជាក្នុងទីផ្សារការងារ ក៏ប៉ុន្តែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏អាចជាបញ្ហាប្រឈមមួយសម្រាប់ប្រព័ន្ធអប់រំ នាពេលបច្ចុប្បន្ន។ ប្រព័ន្ធអប់រំមានតម្រូវការ បន្ទាន់ ក្នុងការរួមបញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិតទៅក្នុងការអប់រំ ដើម្បីរៀបចំសិស្ស និស្សិត និង យុវជនឱ្យបានគត់មត់សម្រាប់ទីផ្សារការងារ ដែលកំពុងមានការវិវត្តជាបន្តបន្ទាប់។

បច្ចុប្បន្ននេះ សាលារៀនជំនាន់ថ្មីបានបញ្ចូលការប្រើប្រាស់បញ្ញាសិប្បនិម្មិតទៅក្នុងការ បង្រៀន និងរៀន ដូចជាសិស្សប្រើប្រាស់ AI ដើម្បីស្វែងយល់មេរៀន ការប្រើប្រាស់ AI ដើម្បី ពន្យល់ពីចំណុចដែលមិនយល់ច្បាស់ និងពន្យល់បន្ថែមតាមកម្រិតយល់ដឹងរបស់ខ្លួន ការទទួល បានជំនួយក្នុងការដោះស្រាយលំហាត់ ព្រមទាំងពិនិត្យចម្លើយ និងរកកំហុសផងដែរ។ គ្រូ បង្រៀនប្រើប្រាស់ AI ដើម្បីរៀបចំមេរៀន និងកិច្ចតែងការបង្រៀន ការប្រើប្រាស់ AI ដើម្បីពិនិត្យ កិច្ចការរបស់សិស្ស កាត់បន្ថយការប្រើប្រាស់ពេលពេលវេលាក្នុងការផលិតធនធានបង្រៀន ព្រមទាំងជួយដល់ការងាររដ្ឋបាលសិក្សាផ្សេងៗ ដូចជា៖ ការបកប្រែភាសា ការស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ការបង្កើតមេរៀន សំណួរ វីដេអូបង្រៀន ផលិតរូបភាពដើម្បីប្រើប្រាស់ក្នុង ការបង្រៀន និងល្បែងសិក្សា ។ល។

ជាមួយគ្នានេះ វិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានគរុកោសល្យក៏បានបញ្ចូលការប្រើប្រាស់ បញ្ញាសិប្បនិម្មិតទៅក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន ដូចជាការបង្កើតកិច្ចតែងការបង្រៀន ការបង្កើតស្លាយ PowerPoint ការដោះស្រាយបញ្ហា ការបង្កើតគម្រោងផ្សេងៗ ការបង្កើតកម្រង សំណួរ ដូចជា ពហុជ្រើសរើស ការបង្កើតសំណួរពិភាក្សាកម្រិតខ្ពស់ (High Order Thinking) និងការប្រើប្រាស់ AI ដើម្បីបង្កើតសម្លេង។

ឯកឧត្តមបណ្ឌិតបានថ្លែងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតកម្មវិធីសញ្ញាបត្រវិស្វកម្មលើបញ្ញាសិប្បនិម្មិត (AI) និង Cybersecurity វិស្វកម្មផ្នែកទន់ និងវិទ្យាសាស្ត្រទិន្នន័យ។ ក្រុមជំនាញរបស់វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជាក៏ធ្វើបានធ្វើការស្រាវជ្រាវ និងអភិវឌ្ឍលើ AI ដូចជា ការសម្គាល់អត្ថបទ ការស្គាល់រូបភាព និងការស្គាល់ចលនា ព្រមទាំងមានករណីសិក្សាស្រាវជ្រាវលើការប្រើប្រាស់ ឧបករណ៍ AI សម្រាប់ “បណ្ណាល័យឌីជីថលស្លឹកត្នោតខ្មែរ” និង “ជំនួយការបង្រៀន និងការ បង្រៀនខ្មែរ”។ បណ្ណាល័យរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានប្រើប្រាស់ ChatGPT និង ResearchRabbit សម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន ហើយក៏ជាសៀវភៅកាតាឡុកសម្រាប់ប្រព័ន្ធ គ្រប់គ្រងបណ្ណាល័យ និងសេវាកម្មយោងនៅក្នុងបណ្ណាល័យ ព្រមទាំងបានប្រើប្រាស់កម្មវិធី myGPT ក្នុង ChatGPT AI ដើម្បីបង្កើតមុខងារតូចមួយជាមនុស្សយន្តដែលជួយបណ្ណាល័យក្នុង ការធ្វើកាតាឡុក។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានលើកទឹកចិត្តសិស្ស សាស្ត្រាចារ្យ និងអ្នក ស្រាវជ្រាវឱ្យប្រើប្រាស់ GenAI (ResearchRabbit, Elicit, PaperDigest,) ដើម្បីធ្វើសេវាកម្ម យោងសម្រាប់ការសម្របសម្រួលពួកគេ ដើម្បីធ្វើការស្រាវជ្រាវលើប្រធានបទជាក់លាក់។ ដោយឡែក សាកលវិទ្យាល័យជាតិគ្រប់គ្រង នឹងដាក់បញ្ចូលបញ្ញាសិប្បនិម្មិត (AI) នៅគ្រប់មុខ ជំនាញ។

ក្រសួងនឹងដាក់ចេញនូវវិធានការមួយចំនួន ដូចជា៖ ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន សមត្ថភាពសិស្ស និងនិស្សិតឆ្នើមលើផ្នែកបច្ចេកវិទ្យា ការធ្វើបរិវត្តកម្ម ការធ្វើទំនើបកម្មសម្ភារៈ ឌីជីថល ព្រមទាំងការវិនិយោគលើបុគ្គលដែលមានសមត្ថភាព មានទេពកោសល្យ និងមានការ ប្តេជ្ញាចិត្តខ្ពស់ការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មីស្របតាមបំណិនសតវត្សទី២១ និងការធ្វើ កំណែទម្រង់ការបណ្តុះបណ្តាលគ្រូ។ ក្រសួងមានទិសដៅបញ្ញាបបច្ចេកវិទ្យាអប់រំ និងបញ្ញា សិប្បនិម្មិត (AI) ដែលជាមធ្យោបាយជំនួយដល់ការរៀន និងការបង្រៀន។ គ្រូបង្រៀននៅតាម ជនបទក៏អាចប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀនបានល្អប្រសើរផងដែរ ប្រសិនបើគ្រូបង្រៀន មានផ្នត់គំនិត និងការប្តេជ្ញាចិត្តទទួលយកបច្ចេកវិទ្យាអប់រំថ្មី។ ចំណុចខាងលើនេះទាមទារនូវកិច្ច សហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងនឹងរៀបចំយន្តការវាយតម្លៃទទួលស្គាល់គ្រូល្អ បង្រៀន បច្ចេកវិទ្យា រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ និងខ្វះបន្ទប់រៀន។

ក្រសួងបានសម្ពោធឱ្យអនុវត្តជាផ្លូវការ សាលារៀនឌីជីថលកម្ពុជា ដែលជាការបើក ទំព័រថ្មីសម្រាប់វិស័យអប់រំ ដោយសារសាលារៀនឌីជីថលកម្ពុជា មិនមែនគ្រាន់តែដាក់បញ្ចូល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ក្នុងការរៀន ការបង្រៀន និងអភិបាលកិច្ចសាលារៀននោះទេ ប៉ុន្តែជាការបើកទំព័រថ្មីមួយសម្រាប់វិស័យអប់រំ ដែលផ្តល់ឱកាសឱ្យសិស្សទទួលបានឱកាស សិក្សាគ្មានដែនកំណត់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ លក្ខណៈពិសេសរបស់សាលារៀន ឌីជីថលគឺ ការផ្តល់ជូននូវថ្នាក់រៀននិម្មិត និងថ្នាលសិក្សាបែបអន្តរកម្ម ដែលសិស្សានុសិស្សអាច សិក្សាតាមប្រព័ន្ធឌីជីថលមានភាពបត់បែន និងអាចផ្តល់នូវមេរៀនទៅតាមរបៀបរៀន និង ល្បឿននៃការសិក្សារៀងៗខ្លួន ដោយផ្សារភ្ជាប់សាលារៀនជំនាន់ថ្មីជាមួយសាលារៀនគំរូ និង គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ៕ រក្សាសិទ្ធដោយ៖សុទ្ធលី