Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វង្សី វិស្សុត ៖ ក្រសួងឧស្សាហកម្ម ពិតជាមានភារកិច្ចនិងការទទួលខុសត្រូវមួយចំណែកធំ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាមានភារកិច្ចនិងការទទួលខុសត្រូវមួយចំណែកធំ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសពិពិធកម្មឧស្សាហកម្ម និងការលើកកម្ពស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជានិន្នាការ ជាក់ស្ដែងនៅប្រទេសកម្ពុជាគឺ មានការកើនឡើងនៃការ
វិនិយោគក្នុងវិស័យដែលមានសក្តានុពល និងមានតម្លៃបន្ថែមខ្ពស់ក្រៅពីវិស័យកាត់ដេរផងដែរ ដែលនាំឱ្យការនាំចេញផលិតផលឧស្សាហកម្មនៅឆ្នាំ២០២៤ សម្រេចបានកំណើន១៥,៧% ហើយវិស័យនេះមានទំហំដល់ទៅជាង៤០% ក្នុងចំណែកនៃ GDP សេដ្ឋកិច្ចជាតិ។

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំធ្វើនៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងឱកាសពិធីបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ លោកជំទាវប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត មន្ត្រីជំនាញទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ ព្រមទាំងតំណាងអង្គការ សមាគម និងវិស័យឯកជនជាច្រើនរូប។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានខិតខំរួបរួមគ្នាអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបំពេញភារកិច្ច ប្រកបដោយសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤កន្លងទៅ និងបានផ្តល់ មូលវិចារណ៍ល្អចំពោះការពង្រឹងការលើកកម្ពស់សមត្ថភាពនិងកែលម្អស្ថាប័ន, ការកែសម្រួលវិធីសាស្ត្រនិងអភិក្រម ការងារដើម្បីសម្រេចយុទ្ធសាស្ត្រ, ការសម្របសម្រួលអន្តរក្រសួងស្ថាប័ននិងការពង្រឹងភាពជាដៃគូ, និងការត្រៀមលក្ខណសម្បត្តិនិងរៀបចំផែនការសកម្មភាពការងារ ដោយប្រមើលមើលជាលក្ខណៈយុទ្ធសាស្ត្រអំពីសភាពការណ៍និងនិន្នាការធំៗនាពេលអនាគត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា ផ្អែកលើសមិទ្ធផលធំៗក្រោមអគ្គមគ្គុទ្ទេសក៍ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងរយៈពេលប្រមាណ៤ទសវត្សរ៍កន្លងមកនេះ និងឆន្ទៈសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយអាទិភាពសំខាន់ៗ ព្រមទាំងវិធានការគន្លឹះនានា ជាពិសេសការកំណត់នូវអាទិភាពគន្លឹះចំនួន៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ហើយដែល «បច្ចេកវិទ្យា» នេះ គឺជាវិស័យអាទិភាពថ្មីមួយទៀតដែលត្រូវបានបន្ថែម ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ជាមួយនឹង បដិវត្តន៍ឧស្សាហកម្មទី៤ ដែលកំពុងផ្លាស់ប្តូរនូវរបៀបនៃការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត និងការប្រាស្រ័យទាក់ទងរបស់មនុស្សទូទាំងសកលលោក។

ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាមានភារកិច្ចនិងការទទួលខុសត្រូវមួយចំណែកធំ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសពិពិធកម្មឧស្សាហកម្ម និងការលើកកម្ពស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជានិន្នាការ ជាក់ស្ដែងនៅប្រទេសកម្ពុជាគឺ មានការកើនឡើងនៃការ
វិនិយោគក្នុងវិស័យដែលមានសក្តានុពល និងមានតម្លៃបន្ថែមខ្ពស់ក្រៅពីវិស័យកាត់ដេរផងដែរ ដែលនាំឱ្យការនាំចេញផលិតផលឧស្សាហកម្មនៅឆ្នាំ២០២៤ សម្រេចបានកំណើន១៥,៧% ហើយវិស័យនេះមានទំហំដល់ទៅជាង៤០% ក្នុងចំណែកនៃ GDP សេដ្ឋកិច្ចជាតិ។
ដើម្បីតម្រង់ទិសការងារ ក្នុងការចូលរួមចំណែកសម្រេចឱ្យបានគោលដៅសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងនូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចតទៅ៖
ទី១. បន្តពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម តាមរយៈ ការធ្វើពិពិធកម្មឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ចំណេះដឹង និងនវានុវត្តន៍, ជំរុញចលនការបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក, បង្កើតតម្លៃបន្ថែមខ្ពស់លើធនធានក្នុងស្រុក និងបង្កើនការងារជូនផលិតករនិងអ្នកកែច្នៃក្នុងស្រុក, រៀបចំបទដ្ឋានគតិយុត្តដែលគាំទ្រ, ជំរុញបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SMEs Cluster) និងទាក់ទាញវិនិយោគិនថ្មីៗជាពិសេសក្នុងវិស័យបច្ចេកវិទ្យា, លើកកម្ពស់សមត្ថភាព បច្ចេកទេស សុវត្ថិភាព និងការអភិវឌ្ឍឧស្សាហកម្មបៃតង និងពង្រឹងការគ្រប់គ្រងអភិរក្សនិងជំរុញផលិតអំបិលដែលជាទំនិញយុទ្ធសាស្ត្រ(ដីស្រែអំបិលខេត្តកំពត-កែប) ដែលកិច្ចការទាំងនេះទាមទារនូវយន្តការដឹកនាំ តម្រង់ទិស ដោយផ្អែកលើក្របខ័ណ្ឌច្បាស់លាស់ និងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។
ទី២. បន្តការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ តាមរយៈ ការដឹកនាំនិងសម្របសម្រួលការអភិវឌ្ឍស្តង់ដាជាតិឱ្យបានច្រើនលើវិស័យអាទិភាព, ដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជាជាសមាជិកពេញសិទ្ធិរបស់អង្គការស្តង់ដាអន្តរជាតិ ISO និង Associate Member របស់អង្គការអន្តរជាតិ IEC, រៀបចំប្រព័ន្ធចេញវិញ្ញាបនបត្របញ្ជាក់ផលិតផល ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអធិការកិច្ចវាយតម្លៃអនុលោមភាព ដើម្បីទទួលបានការវាយតម្លៃទទួលស្គាល់ស្របតាមស្តង់ដាអន្តរជាតិ, បង្កើនប្រសិទ្ធភាពលើព្យាសកម្មឧបករណ៍មាត្រាសាស្រ្ត ត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្ត និងត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញផលិត និងទំនិញវេចខ្ចប់នាំចូល, រៀបចំអភិវឌ្ឍប្រព័ន្ធនីតិវិធី (Schemes) សម្រាប់វាយតម្លៃទទួលស្គាល់ ព្រមទាំងពង្រឹងនិងអភិវឌ្ឍមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យក្លាយជាមន្ទីរពិសោធន៍ឈានមុខគេ ដែលកិច្ចការទាំងនេះត្រូវប្រកាន់ខ្ជាប់នូវស្មារតី «ចុះជួយ តែកុំចុះចាប់ ចុះពិន័យ និងចុះរំខាន» ប៉ុន្តែត្រូវផ្អែកលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទី៣. ត្រូវពង្រីកការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស និងអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដើម្បីឱ្យការផ្គត់ផ្គង់ទឹកស្អាតសម្រេចបាន «ទឹកស្អាតដែលមានគុណភាព, សុវត្ថិភាព, និរន្តរភាព និងថ្លៃសមរម្យ» ព្រមទាំង ពង្រឹងរបបនិយ័តកម្មវិស័យទឹកស្អាត ការផ្តល់អាជ្ញាបណ្ណ និងការរៀបចំមូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត ដោយត្រូវពង្រឹងបន្ថែមឱ្យបានល្អប្រសើរ ជាពិសេសលើបញ្ហាអសកម្មរបស់សេវាករផ្គត់ផ្គង់ទឹកស្អាត។
ទី៤. បន្តដឹកនាំនិងសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន មានភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
ទី៥. បន្តពង្រឹងនិងអភិវឌ្ឍលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងរួមចំណែកបង្កើតនូវតម្លៃបន្ថែមខ្ពស់ក្នុងសេដ្ឋកិច្ច ក៏ដូចជាដើម្បីទ្រទ្រង់កំណើនផលិតភាព និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។
ទី៦. ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធចាំបាច់ផ្សេងទៀត ប៉ុន្តែត្រូវគិតគូរប្រយ័ត្នប្រយែងដល់ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តដែលត្រូវដាក់ចេញ ព្រោះវិស័យនេះរងផលប៉ះពាល់ច្រើន។
ទី៧. ពង្រឹងការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ដ្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី៨. សូមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរនៅតាមរាជធានី ខេត្ត ដែលក្រសួងបានធ្វើប្រតិភូកម្មមុខងារនិងភារកិច្ចជូនរួចហើយ ខិតខំពង្រឹងយន្តការអនុវត្ត កសាងសមត្ថភាពឱ្យបានល្អប្រសើរ ព្រមទាំងបំពេញនូវភារកិច្ចនិងកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវ។
ទី៩. បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរលើគោលការណ៍គុណាធិបតេយ្យ សំដៅកែលម្អប្រព័ន្ធផ្តល់សេវាសាធារណៈជូនធុរជន និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងខិតជិតប្រជាជន ស្របតាមអភិក្រម «ធ្វើឱ្យលឿន ធ្វើឱ្យបាន និងធ្វើឱ្យតម្លាភាព»។
ក្នុងឱកាសបិទសន្និបាតប្រចាំឆ្នាំនេះផងដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានស្នាដៃនិងបានខិតខំប្រឹងប្រែងបំពេញការងារដោយយកចិត្តទុកដាក់និងស្មារតីទទួលខុសត្រូវខ្ពស់បម្រើរាជរដ្ឋាភិបាល និងបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕ រក្សាសិទ្ធដោយ៖សុទ្ធលី