Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កំណែទម្រង់កម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការនាពេលអនាគត ដោយធ្វើបច្ចុប្បន្នភាព និងធ្វើទំនើបកម្មកម្មវិធីសិក្សា ដើម្បីឱ្យឆ្លើយតបតម្រូវការទីផ្សារការងារនាពេល អនាគត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់អាទិភាព ក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀន មានក្របខណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងប្រកបដោយគុណភាព, ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន, ការអនុវត្តកំណែទម្រង់សាលារៀន, ការអភិវឌ្ឍ និងការលើក កម្ពស់បំណិនសតវត្សរ៍ទី២១ដល់យុវជន, ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, ការជំរុញការអប់រំ ឌីជីថល, កំណែទម្រង់សាលាគរុកោសល្យ, ការលើកកម្ពស់សុខភាពសិក្សា, និងការបង្កើត មជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់អនុសាសន៍សំខាន់ៗសម្រាប់អនុវត្តបន្តដូចខាងក្រោមនេះ៖

ទី១) បន្តពង្រឹងអភិបាលកិច្ចសាលារៀន និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ, មានភាព បុរេសកម្ម, ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលបាននិង កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ សាលារៀន គវអ. និងការធានាបាននូវសេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយ ជីវិតសម្រាប់ទាំងអស់គ្នា។

ទី២) កំណែទម្រង់កម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការនាពេលអនាគត ដោយធ្វើបច្ចុប្បន្ន ភាព និងធ្វើទំនើបកម្មកម្មវិធីសិក្សា ដើម្បីឱ្យឆ្លើយតបតម្រូវការទីផ្សារការងារនាពេល អនាគត រួមទាំងការគិតពិចារណា ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការសហការ រួមបញ្ចូលការអភិវឌ្ឍន៍ជំនាញទន់ ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង់ឥរិយាបថរបស់អ្នកសិក្សា ដើម្បីឱ្យស្របគ្នាជាមួយបណ្តាប្រទេស ជឿនលឿន។

ទី៣) រិះរកវិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្ត្រវាយតម្លៃថ្មី ដែលអាចអនុញ្ញាត ឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ប្រកបដោយការត្រិះរិះពិចារណា ការដោះស្រាយ បញ្ហាដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ, និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំ ថ្ងៃ។

ទី៤) ជំរុញការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍជំនាញ បង្កើតគំនិតផ្តួចផ្តើមដែល លើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សពេញវ័យ ក្នុងការទទួលបាន ឱកាសសិក្សាជាបន្តបន្ទាប់ ដើម្បីរក្សាការប្រកួតប្រជែង និងសម្របខ្លួននៅក្នុងកម្លាំង ការងារ។

ទី៥) បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន ចេញថ្មី និងបន្តធ្វើវិក្រឹតការគ្រូបង្រៀន ឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន រួមទាំង ការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងផ្តល់ឧបករណ៍គាំទ្រចាំបាច់ ស្របតាមតម្រូវការ ក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។ គ្រូបង្រៀនគឺជាបេះដូង នៃប្រព័ន្ធអប់រំ ដូច្នេះតាមរយៈការពង្រឹងជំនាញរបស់គ្រូបង្រៀន យើងនឹងធានាបាន នូវការអប់រំប្រកបដោយគុណភាព និងភាពច្នៃប្រឌិតថ្មី និងការផ្សាភ្ជាប់គំនិតច្នៃបង្កើត ទាំងនោះទៅនឹងជីវភាពរស់នៅជាក់ស្តែង។

ទី៦) បន្តអភិវឌ្ឍការអប់រំឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្មវិស័យបច្ចេកវិទ្យា ឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញ អគ្គិសនី និងអ៊ុនធើណិតនៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់គុណវុឌ្ឍនិងសមត្ថភាព ឌីជីថលដល់គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀននិងរៀន, កែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកា ឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។

ទី៧) បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា និងត្រៀមវិធានការ ឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ព្រមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាព សិក្សា, សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា រៀបចំបន្ទប់ សុខភាពស្តង់ដា, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាម, និងការ លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។ ការដោះស្រាយសុខភាពផ្លូវចិត្ត និង សុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងសាលារៀន រួមបញ្ចូលទាំងកម្មវិធីអប់រំ សុខភាពផ្លូវចិត្ត និងសុខុមាលភាពនៅក្នុងសាលារៀន។ សាលារៀនត្រូវតែជាកន្លែង សុវត្ថិភាពដែលចិញ្ចឹមទាំងការសិក្សា និងការលូតលាស់ផ្លូវចិត្ត។

ទី៨) ជំរុញភាពជាដៃគូសាធារណៈ និងសហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្តនៅ តាមសាលារៀនគំរូ និងសាលារៀនគោលដៅ គវអ.
ដោយត្រូវបន្តធ្វើសុខុដុមនីយកម្មនិងរៀបចំសេចក្តីណែនាំអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងបំផុសស្មារតីចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត សម្រាប់គាំទ្រដល់ការ បន្ថែមមុខវិជ្ជាថ្មីៗ ឬការបន្ថែមម៉ោងអនុវត្ត ដើម្បីឱ្យសិស្សចំណាយពេលវេលាកាន់តែ ច្រើននៅក្នុងសាលារៀន ក្រោមការគ្រប់គ្រង និងដឹកនាំរបស់គ្រូបង្រៀន។ ការបង្កើត ទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្តល់ព័ត៌មាន និងជួយគ្នាទៅ វិញទៅមកអំពីការអប់រំសិស្ស, និងការអប់រំមាតាបិតាឱ្យផ្តល់តម្លៃបន្ថែមទៀតដល់ការ អប់រំ និងលើកទឹកចិត្តពួកគាត់ឱ្យចូលរួមជាមួយការសិក្សារបស់កូនកាន់តែច្រើន។

ទី៩) បន្តអភិវឌ្ឍកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាព របស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុង ភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ”, កម្មវិធីយុវជនស្ម័គ្រចិត្ត, និងការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាម សហគមន៍, ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម។

ទី១០) បន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និង សុខុមាលភាពល្អ, កាយសម្បទាមាំមួន, ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម, គំនិតច្នៃប្រឌិត, និងមានការតស៊ូស្វិតស្វាញ។ ជាមួយនេះ ពង្រឹងការ គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា, ពង្រឹងយន្តការ ដែលមានស្រាប់រួមទាំងសហព័ន្ធ កីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស និងការ លើកទឹកចិត្ត ដែលជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការត្រៀម ខ្លួនរបស់អត្តពលិក, និងការពង្រឹងគុណភាពនៃការប្រកួតកីឡាគ្រប់កម្រិត។

ទី១១) បន្តការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការងារគោល នយោបាយ និងផែនការអប់រំ រួមទាំងផែនការនៅកម្រិតមន្ទីរអប់រំ យុវជន និងកីឡា និង ផែនការសាលារៀន ឆ្ពោះទៅដោះស្រាយបញ្ហារបស់សាលារៀន ឱ្យបានពេញលេញ និងប្រទាក់ក្រឡាគ្នា។

ទី១២) លើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈនិងគណិតវិទ្យា នៅគ្រប់កម្រិត ដើម្បីរៀបចំសិស្ស និងនិស្សិតឱ្យកាន់តែប្រសើរឡើង និងទទួលបាននូវ បំណិនសតវត្សទី ២១ ជាពិសេសជំរុញការបំពាក់បំប៉នជំនាញ និងបច្ចេកវិទ្យា ដែលជាតម្រូវការទីផ្សារការងារ និង ធុរកិច្ច; ពង្រឹងការបណ្តុះបណ្តាល និង ការផ្លាស់ប្តូរជំនាញ ស្របនឹងតម្រូវការទីផ្សារការងារ។

ទី១៣) ពង្រឹងគុណភាពនៅឧត្តមសិក្សា ដើម្បីបង្កើតមូលធនមនុស្ស បញ្ញាជាតិ និងឃ្លាំង ពុទ្ធិសកល ដោយយកចិត្តទុកដាក់លើជីវភាពគ្រូបង្រៀន, បុគ្គលិកសិក្សា និង សាស្ត្រា-ចារ្យ ផ្តល់អាហារូបករណ៍ រៀបកម្មវិធីណែនាំ និងបង្កើតភាពជាដៃគូជាមួយឧស្សាហកម្ម នានា ដើម្បីបំផុស និងរក្សាសិស្សក្នុងវិស័យសំខាន់ៗទាំងនេះ។

ទី១៤) ពង្រឹងការអប់រំបច្ចេកទេស និងដាក់ឱ្យអនុវត្ត “គន្លងអប់រំ” ដែលមានបីច្រកគឺ គន្លង វិទ្យាសាស្ត្រពិត គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងអប់រំវិជ្ជាជីវៈ នៅតាមសាលារៀន ដែលមានទីតាំងប្រកបដោយសក្តានុពល ដើម្បីផ្តល់ឱ្យសិស្សានុសិស្ស និងយុវជននូវ មាគ៌ាផ្សេងៗគ្នាទៅកាន់អាជីពជោគជ័យ។ លើកកម្ពស់កម្មសិក្សាកម្រិតជាតិ និង អន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយឧស្សាហកម្ម ដើម្បីធានាថាកម្មវិធីទាំង នេះបំពេញតម្រូវការទីផ្សារការងារ និងផ្តល់ដល់យុវជននូវចំណេះដឹង និងជំនាញច្បាស់ លាស់។

សម្តេចធិបតី មានសុទិដ្ឋិនិយមចំពោះសមិទ្ធផលរបស់អង្គសន្និបាត និងអនុសាសន៍សំខាន់ៗ ដែលខ្ញុំ បានលើកឡើងនាពេលនេះ ដែលនឹងក្លាយជាមូលដ្ឋាន និងជាធាតុចូលសម្រាប់យកទៅអនុវត្ត ក្នុងវិស័យអប់រំកម្ពុជានៅឆ្នាំសិក្សាថ្មី និងឆ្នាំសិក្សាបន្តបន្ទាប់។

រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

ជាមួយគ្នានេះរាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរេសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា។ ក្រសួងបានយកចិត្តទុកដាក់ជាប្រចាំពង្រឹងគុណភាពអប់រំគ្រប់កម្រិតថ្នាក់ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការគ្រប់គ្រងនៅតាមសាលារៀន ដោយផ្តោតលើស្តង់ដាសាលារៀនគំរូ ការចុះអធិការកិច្ចអប់រំ ការអនុវត្តតេស្តស្តង់ដាតាមសាលារៀនបានទៀងទាត់ និង ចាត់វិធានការជួយសិស្សរៀនយឺត។ ជាក់ស្ដែង ភាគរយសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ កើនពី ៧២,៩% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ៧៩% នៅឆ្នាំសិក្សា២០២៣- ២០២៤ ភាគរយសិស្សប្រឡងជាប់មធ្យមសិក្សាបឋមភូមិ កើនពី ៩៤,៥% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ៩៦,២៧% នៅឆ្នាំសិក្សា ២០២៣-២០២៤ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី